MENU
|
រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៩ខែឧសភាឆ្នាំ២០១៧បានចេញផ្សាយពីលទ្ធផលកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការបទរទេសអាស៊ាននិងការសហរដ្ឋអាមេរិកលើកដំបូងបន្ទាប់រដ្ឋាភិបាលអាមេរិកដឹកនាំដោយលោកដូណាល់ ត្រាំជាប្រធានាធិបតីដែលបានចូលកាន់ដំណែងកាលពីខែមករាឆ្នាំ២០១៧។
ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានអាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវ៉ាស៊ីងតោន នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។ នេះគឺជាការជួបប្រជុំលើកទី១ រវាងរដ្ឋមន្រ្តីការ បរទេសនៃ ប្រទេស សមាជិកអាស៊ាន និងឯកឧត្តម រ៉េច ធីល័រសុន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ចាប់តាំងពីរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ចូលកាន់អំណាច នៅខែមករា ឆ្នាំ២០១៧។
ក្រសួងការបរទេសកម្ពុជាបានលើកឡើងថាកិច្ចប្រជុំបានបង្ហាញពីការបេ្តជ្ញាចិត្តយ៉ាងរឹងមាំនៃការបន្តនិរន្តភាពនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះអាស៊ាន និងការផ្តល់ឱកាសជាថ្មីដើម្បីអនុវត្តគំនិតផ្តួចផ្តើមជាច្រើនដែលអាស៊ាន និងអាមេរិក បានឯកភាពគ្នា ជាច្រើនឆ្នាំកន្លងទៅ។កិច្ចប្រជុំបានធ្វើការកត់សំគាល់សកម្មភាពរំលឹកខួបដែលបានគ្រោងទុកនិងកំពុងប្រព្រឹត្តទៅដោយប្រទេសសមាជិកអាស៊ាននិងសហរដ្ឋអាមេរិកក្នុងការប្រារព្វខួបលើកទី៤០នៃភាពជាដៃគូយុទ្ធសាស្រ្ត។
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានស្វាគមន៏ចំពោះការប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី៥និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១២ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេសហ្វីលីពីន ដែលនឹងអះអាងឡើងវិញពីការបន្តការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់និងការធ្វើឲ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អាមេរិក។
រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានសម្តែងអំណរសាទរចំពោះការគោរពនិងការគាំទ្ររបស់អាមេរិកចំពោះតួនាទីស្នូលរបស់អាស៊ាន និងរាល់យន្តការនានាដែលដឹកនាំដោយអាស៊ាន នៅក្នុងដំណើរវិវឌ្ឍនិម្មាបនកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វីក។កិច្ចប្រជុំមានការផ្លាស់ប្តូរទស្សន:ដោយស្មោះត្រង់ លើបញ្ហាតំបន់និងអន្តរជាតិដែលជាចំណាប់អារម្មណ៌រួម រួមមានការប្រឆាំងភេរវកម្ម ឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង។
ក្នុងអំឡុងពេលកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារ:សំខាន់ និងភាពចាំបាច់ក្នុងការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អាមេរិក ដើម្បីជាគុណប្រយោជន៌ដល់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។
ចំពោះបញ្ហាឧបទ្វីបកូរ៉េ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអះអាងពីការតាំងចិត្តរបស់កម្ពុជារួមជាមួយសហគមន៌អន្តរជាតិ ក្នុងការបង្ហាញពីការព្រួយបារម្ភជាខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅឧបទ្វីបកូរ៉េ និងជម្រុញជាខ្លាំងដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េឲ្យអនុវត្តឲ្យបានពេញលេញកាតព្វកិច្ចរបស់ខ្លួនដែលកើតចេញពីសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែពិចារណាឲ្យបានហ្មត់ចត់ក្នុងការបង្វែរចង្កូតនៃស្ថានភាពប្រកបដោយគ្រោះថ្នាក់នាពេលបច្ចុប្បន្ននេះ ត្រលប់ថយក្រោយវិញ ដើម្បីជៀសឲ្យផុតពីលទ្ធភាពនៃសោកនាដកម្មនុយក្លេអ៊ែរចំពោះតំបន់ និងពិភពលោក។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៌ការវិវឌ្ឍដ៏វិជ្ជមាននាពេលថ្មីៗនេះ និងបានបង្ហាញពីការគាំទ្រចំពោះដំណើរការកិច្ចសន្ទនាដែលកំពុងប្រព្រឹត្តទៅរវាងភាគីពាក់ព័ន្ធនានា ដើម្បីដោះស្រាយជំលោះដោយសន្តិវិធី ដោយអនុលោមទៅតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដោយមានគោលបំណង រួមគឺថែររក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
នៅទន្ទឹមនឹងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏មានជំនួបទេ្វភាគីជាមួយឯកឧត្តម ចន អែហ្វ ខែល្លី រដ្ឋមន្រ្តីសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីទាំងពីរ(អាស៊ានអាមេរិក)បានផ្លាស់ប្តូរទស្សន:ដោយស្មោះត្រង់ និងបើកចំហរស្តីពីការលើកកំពស់កិច្ចសហប្រតិបត្តិការទៅ វិញទៅមកក្នុងវិស័យសំខាន់ៗ ក្នុងនោះមាន កិច្ចសហ-ប្រតិបត្តិការសន្តិសុខព្រំដែន ការប្រឆាំងទេសចរណ៌ផ្លូវភេទកុមារ និងកិច្ចសហប្រតិបត្តិការការធ្វើមាតុភូមិនិវត្តន៍។ ចំពោះកិច្ចសហប្រតិបត្តិការស្តីពីបញ្ហាការធ្វើមាតុភូមិនិវត្តន៍ លោកទេសរដ្ឋ-មន្រ្តីបានបញ្ជាក់អះអាងជាថ្មីចំពោះភាគីអាមេរិកថា កម្ពុជាស្នើសុំការធ្វើវិសោធនកម្មអនុស្សារណ:យោគយល់គ្នាឆ្នាំ២០០២ស្តីពីការធ្វើមាតុភូមិនិវត្តន៍ និងការកែសម្រួលបន្ថែមឆ្នាំ២០០៣។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើការដោយគៀកស្និទ្ធជាមួយភាគីអាមេរិកឆ្ពោះទៅសម្រេចឲ្យបានឆាប់រហ័សកិច្ចព្រមព្រៀងថ្មីមួយ ដោយឈរលើគោលការណ៍យោគយល់ និងគោរពគ្នាទៅវិញទៅមក។
ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានស្នើដល់ភាគីអាមេរិកធ្វើការពិចារណារិះរកលទ្ធភាពបង្កើតមជ្ឈមណ្ឌលឆ្លងកាត់និងទទួល ដែលអ្នកធ្វើមាតុភូមិនិវត្តន៍អាចស្នាក់នៅមួយរយៈ ដើម្បីរៀនភាសាខ្មែរ ប្រពៃណី និងទទួលការបណ្តុះបណ្តាលវិជ្ជាជីវ:។លើសពីនេះទៀត លោកទេសរដ្ឋមន្រ្តីក៏មានជំនួបទ្វេភាគីជាមួយលោកថូម៉ាស អេ ហ្សានណុន ជីអ័រ (Thomas A. Shannon Jr.) អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនយោបាយនៃក្រសួងការបរទេសអាមេរិក។
ក្នុងអំឡុងពេលកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាពីកិច្ចប្រឹងប្រែងដើម្បីបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យដល់កំរិតខ្ពស់ជាងមុន។ លោកទេសរដ្ឋមន្រ្តី បានស្នើភាគីអាមេរិកពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅបន្ថែមទៀត (Generalized System of Preference-GSP) និងកូតា ដើម្បីជម្រុញពាណិជ្ជកម្ម និងពង្រឹងឱកាសការងារ។ ក្នុងអំឡុងកិច្ចពិភាក្សាឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានស្នើដល់អាមេរិកធ្វើការវិនិយោគ នៅកម្ពុជា ថែមទៀត និងជម្រុញនិហរណ័ទៅវិញទៅមក។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ភាពជាដៃគូរវាងកម្ពុជា និងអាមេរិកគួរត្រូវបានពង្រឹងថែមទៀត តាមរយ:កិច្ចសន្ទនាចំហរ និងស្មោះត្រង់ ដើម្បីជៀសវាងការយល់ខុស។