រាជធានីភ្នំពេញ៖ ប្រទេសចិនបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះកីឡាអេឡិចត្រូនិក (E-Sports) នាឆ្នាំ២០២២នោះ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុន Alisports បានកំណត់ដាក់កីឡាមួយប្រភេទនេះក្នុងកម្មវិធីកីឡាទ្វីបអាស៊ីដែលប្រព្រឹត្តទៅនៅទីក្រុង Hangzhou ខាងមុខនេះ។
អគ្គលេខាធិការបស់សហព័ន្ធកីឡាE-Sport កម្ពុជាលោកលន់ សាមឺឌ្ឍីបានឱ្យដឹងថា កម្មវិធីកីឡាទ្វីបអាស៊ីដែលរៀបចំដោយក្រឹមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានក្លាយជាព្រឹត្តិការណ៍ពហុកីឡាធំបំផុតលំដាប់ទី២នៅលើលោកនេះ បន្ទាប់ពីកីឡាអូឡាំពិក។ គណៈប្រតិភូកីឡាជាតិចំនួន៤៥ប្រទេស និងអត្តពលិកប្រមាណ១ម៉ឺននាក់បានចូលរួមព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីនេះដែលរៀបចំចុងក្រោយបំផុតកាលពី៣ឆ្នាំមុននៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។
ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីលោក Ahmad Fahad Al-Sabah និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «OCA បានប្តេជ្ញាលើការអភិរក្សមរតកដូនតា ការអភិវឌ្ឍ និងការធ្វើឲ្យប្រសើរឡើងសម្រាប់កីឡានៅទ្វីបអាស៊ី។ យើងសម្លឹងទៅរក«ទ្រឹស្តីនៃការគិតឆ្ពោះទៅមុខ»តាមរយៈ Alisports ដែលនឹងជួយពួកយើងដើម្បីពង្រឹង និងអភិវឌ្ឍកីឡាអេឡិចត្រូនិក»។សូមបញ្ជាក់ផងដែរថា ស្ថាប័នពាក់ព័ន្ធនឹងកីឡាតាមអនឡាញ Alibaba Sports Group បានប្រកាសលើការវិនិយោគចំនួនទឹកប្រាក់១៥០លានដុល្លារអាមេរិកជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ( International eSports Federation (IESF) ដែលមានមូលដ្ឋានស្ថិតនៅប្រទេសកូរ៉េខាងត្បូង៕