MENU
|
រាជធានីភ្នំពេញ៖ រថយន្តកាមរីបាឡែនបានបើកប្រដេញគ្នាជាមួយរថយន្តព្រូស ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនិងកន្លែង រួចហើយរថយន្តនៅមិនទាន់អស់ល្បឿនបានផ្លោងទៅបុករ៉ឺម៉កកង់បីដែលចតស្ងៀមបណ្ដាលឲ្យក្រឡាប់ឡើងផ្ងារជើងយ៉ាងច្រង៉ាង នៅត្រង់ចំណុចជាប់រង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅវេលាម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ។
បើតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2U.1295 ដែលបើកបរដោយនារីម្នាក់ រួមដំណើរដោយនារីពីរនាក់ទៀតក្នុងរថយន្ត បានបើកបរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន រួមទាំងមានការប្រដេញគ្នាជាមួយរថយន្តព្រូសមួយគ្រឿងទៀតមិនចាំស្លាកលេខផងដែរ ខណះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរ បណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលនិងថ្មស្លាប់ភ្លាមៗនៅនឹងកន្លែង រួចហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានផ្លោងទៅបុករ៉ឺម៉កកង់បីដែលចតស្ងៀមចាំដឹកម៉ូយ បណ្ដាលឲ្យក្រឡាប់ឡើងផ្ងារជើងយ៉ាងច្រង៉ាង ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្កបានចុះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើកំណត់ហេតុនិងទំនាក់ទំនងទៅសាច់ញាតិប្រគល់សពជនរងគ្រោះឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែករថយន្តបង្កនិងម៉ូតូ រួមទាំងរុឺម៉ក់ម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕