រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តកូរ៉េមួយបាំងកន្លះមួយគ្រឿងបើកបរដោយបុរសម្នាក់ឡើងចំណោតក្នុងល្បឿនលឿនមិនប្រយ័ត្នបួងចង្កូតជ្រុលបុករ៉ឺម៉កកង់៣ មួយគ្រឿងក្រឡាប់រួចជ្រុលបុករះអូសម៉ូតូចំនួន៤គ្រឿងរងការខូចខាត នៅចំនុចផ្លូប៉េតុងជាប់ផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១៤ និង ០០នាទីរសៀលថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៧ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញរថយន្តបង្កម៉ាកកូរ៉េមួយតោនកន្លះមួយគ្រឿងដោយមានដឹកអ៊ីវ៉ាន់មួយចំនួននៅក្រោយខ្នងរថយន្តបើកបរដោយបុរសម្នាក់ឡើងចំណោទពីផ្សារស្ទឹងមានជ័យឆ្ពោះមកផ្លូវព្រះមុន្នីរ៉េត ( ២១៧ ) ។ ខណៈពេលឡើងនោះ រថយន្តឡើងមិនរួច ក៏យកថ្មមកកល់ដើម្បីទប់រថយន្តមួយសន្ទុះធំ ទើបសម្រេចបន្ថែមហ្គែរឡើងចំណោទម្តងទៀត ប៉ុន្តែខណៈឡើងរួច ហើយនោះក៏ជ្រុលល្បឿនបួងចង្កូតទៅបុកផ្ទប់រ៉ឺម៉កកង់បី០១គ្រឿង បណ្តាលអោយក្រឡាប់ហើយរថយន្តនៅ មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករះម៉ូតូចំនួន៤គ្រឿងដែលចតចោលនៅក្បែរនោះអូសជាង ៥ម៉ែត្របុកធ្លាយចូលផ្ទះលក់គ្រឿងអលង្ការមួយកន្លែងបន្ថែមទៀតបណ្តាលអោយខូចខាតជញ្ជាំងផ្លាកទីតាំងផ្ទះខាងលើមួយចំហៀងផងដែរ ។
ក្រោយកើតហេតុ ភ្លាមៗម្ចាស់រថយន្តពុំបានរត់គេចទៅណាឡើយ ដោយបានដើរទៅក្នុងផ្សារហៅតំណាងផ្សារ ស្ទឹងមានជ័យថ្មី ដែលត្រូវជាមេកើយរបស់ខ្លួនអោយមកចចារដោះស្រាយសំណងជាមួយម្ចាស់សម្ភារៈរងគ្រោះទាំងអស់ដោយរូបគេធានាសងនូវថ្លៃការខូចខាតជូន១០០ភាគរយជូនអ្នករងគ្រោះ ដើម្បីបញ្ចប់រឿងភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ៕