MENU
|
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់បានស្លាប់ភ្លាមៗ គួរអោយអាណោចអាធ័ម និង ៧នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារ តែបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមបើកបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃហើយមិនព្រមឈប់ ទទួលខុសត្រូវ ព្យាយាមបន្ថែល្បឿនបើករត់គេច លុះដល់ចំណុចផ្លូវស្ទះសម្រេចចិត្តបើកបញ្ច្រាសផ្លូវ ក៏ជ្រុលបុក រះម៉ូតូ ជាច្រើនគ្រឿងជាបន្តបន្ទាប់ បង្កអោយមានវិនាសកម្មដល់អាយុជីវិតមនុស្សស្លាប់ និងរបួសតែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះកើតឡើង នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្បែរក្រសួងធនធានទឹក និងឧតុនិយម ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៧ និង ២០នាទីល្ងាច ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៧ ។
មន្ត្រីនគរបាលអោយដឹងថា បុរសជាអ្នកបើកបររថយន្តបង្កមានឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ មានមុខរបរ ជាជាងជួសជុលទូរស័ព្ទ និងបញ្ចូលបទភ្លេង នៅផ្ទះរបស់ខ្លួនផ្ទាល់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ បុរសខាងលើបានបើករថយន្តមួយគ្រឿងម៉ាក កាមរីឆ្លាម ពណ៌មាស ពាក់ស្លាក លេខភ្នំពេញ 2M-2245 បើកធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពី ជើងទៅត្បូង លុះមកដល់ចំណុចកែងផ្លូវលេខ៣១០ រថយន្តបង្កបានបើកបុកម៉ូតូ១គ្រឿង បណ្តាល អោយដួលរងការខូចខាត ប៉ុន្តែមិនមានអ្នករបួសធ្ងន់ធ្ងរឡើយ ។ ដោយសភាពភ័យស្លន់ស្លោរ រថយន្តបង្ក បាន ព្យាយាមបើករត់គេចពីការមិនទទួលខុសត្រូវក្នុងល្បឿនលឿន តាំងពីចំណុចកើតហេតុ រហូតដល់ចំណុចកើត ហេតុ ដោយសារស្ថានភាពផ្លូវប្រកាន់ស្តាំដៃរបស់ខ្លួន មានលក្ខណៈចរាចរណ៍ណែនណាំតាន់តាប់ពេក ម្ចាស់រថយន្ត បានបើករថយន្តបត់មកឆ្វេងដៃ បញ្ច្រាសផ្លូវ ក៏ជ្រុលបុករះម៉ូតូជាច្រើនគ្រឿងរបស់អ្នកដំណើរទូទៅ ដែលជិះត្រូវផ្លូវរបស់ពួកគ ជាបន្តបន្ទាប់ រហូតបង្កអោយមានមនុស្សរងរបួស និងស្លាប់ រដូករលែលពេញលើដង ផ្លូវនៅកន្លែងកើតហេតុ គួរអោយសង្វែគតែម្តងទៅ ។
ភ្លាមៗ បន្ទាប់ពីបង្កហេតុ ក្រុមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ក៏ដូចជាអ្នកដំណើរ បាននាំគ្នារត់ទៅ ស្រវាទាញអ្នកបើករថយន្តបង្ក ចេញពីក្នុងរថយន្តមកខាងក្រៅ និងនាំគ្នាព្រួតវាយយ៉ាងខ្លាំងខ្លា រហូតបានអ្នកខ្លះ យកដុំថ្មតូចធំជាច្រើនវាយ និងគប់ទៅលើបុរសបង្ក រងរបួសសពខ្លួនប្រាណបែកឈាមស្រោចពេញខ្លួន រហូតត្រូវ សន្លប់បាត់បង់ស្មារតីសូន្យឈឹង ។
ភ្លាមៗនោះផងដែរ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមមាននគរបាល និងក្រុមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ផ្សេងៗ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងដឹកជនរងគ្រោះចំនួន ៧នាក់ដែលរងរបួសមិនប៉ះពាល់ដល់ អាយុជីវិតទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ប៉ុន្តែជាអកុសល មនុស្សចំនួន ៣នាក់ ក្រៅពី៧នាក់ដែលរងរបួស ក្នុងនោះស្រី២នាក់ ត្រូវបានដេកស្លាប់នៅលើដងផ្លូវគួរអោយស្វែគ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលអោយម៉ូតូចំនួន ៧គ្រឿងត្រូវរងការខូចខាត ស្ទើរតែ១០០ភាគ រយទាំងអស់ ដោយឡែករថយន្តបង្កក៏ត្រូវរងការខូចខាតស្ទើរតែទាំងស្រុកផងដែរ ។ សូមបញ្ជាក់ថា ក្នុងករណីនេះ កំឡុងពេល សមត្ថកិច្ចមិនទាន់ទៅដល់ ក្រុមពលរដ្ឋបាននាំគ្នាយកដុំថ្មនិងដំបងវាយទៅលើរថយន្ត បង្ក និងនាំគ្នាលើករហូតដល់ក្រឡាប់ទៀតផង ។
យ៉ាងណាមិញ បុរសជាអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត ហៅពេទ្យរុស្ស៊ី ខណៈរូបគេនៅសល់តែដង្ហើមចង្រិត ។ បច្ចុប្បន្ន រថយន្តបង្ក និងម៉ូតូទាំង៧គ្រឿងរបស់ ជនរងគ្រោះទាំងអស់ ត្រូវបានសមត្ថកិច្ច សហការជាមួយជំនាញធ្វើការវាស់វែង ស្ទូចយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំបន្តនីតិវិធីច្បាប់នៅពេលក្រោយ ។ ដោយឡែកសព ជនរងគ្រោះទាំង៣នាក់ ត្រូវបានសាច់ញាតិដឹកតាមរថយន្តសង្គ្រោះរបស់ វិទ្យុ ABC យកទៅតាមស្រុកកំណើត នៅឯខេត្តកំពង់ចាមដូចគ្នា ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដដែលនេះ លោកសេម គន្ធា នាយករងការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ អោយដឹងថា គ្រោះថ្នាក់នេះកើតឡើងដោយសារបុរសជាអ្នកបើករថយន្តខ្វះភាពម្ចាស់ការលើ ខ្លួនឯង ខ្វះការប្រុងប្រយ័ត្នខ្ពស់ មួយវិញទៀត ព្យាយាមគេចវេសពីការមិនទទួលខុសត្រូវចំពោះទង្វើដែលបាន ប្រព្រឹត្តិ និងការមិនគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវ ទើបនាំអោយមានវិនាសកម្មដល់អាយុជីវិតអ្នកដទៃបែបនេះ ។ ករណីនេះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា បុរសអ្នកបើករថយន្តបង្ក អាចមានជាតិស្រវឹងខ្លាំងនៅក្នុងខ្លួន ៕