ខេត្តកោះកុង៖ រថយន្តសណ្តោងកន្ទុយរឺម៉កមួយគ្រឿងមានផ្ទុកទំនិញ ប្រមាណជាង 20 តោន ត្រូវបានក្រឡាប់នៅចំណុច អូរម្កាក់ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង លើកំណាត់ផ្លូវជាតិលេខ48 បណ្តាលអោយរងរបួសអ្នកបើកបរ និង ព្រូឡានម្នាក់ ចំណែករថយន្តនិងទំនិញ ដូចជា ស្ករគ្រាប់ ភេសជ្ជៈ និង ឡេលាបស្បែក រាប់សិបតោន ត្រូវខូចខាតស្ទើរទាំងស្រុង។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តខាងលើជារថយន្តរបស់ក្រុមហ៊ុន កៀ ធី ដែលតែងតែបានដឹកទំនិញពីផ្សារភូមិថ្មី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ហើយឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ ។
ប្រភពដដែលបានបន្តថា ទំនិញទាំងនេះ ភាគច្រើនបានបង់ពន្ធ ត្រឹមតែ5ទៅ10ភាគរយ តែប៉ុណ្ណោះ ហើយខាងក្រុមហ៊ុន តែងតែប្រើទំលាប់ បង់ថ្លៃបាយម្ហូប ដល់ក្រុមមន្ត្រីគយជាថ្នូរ និងការមិនត្រួតពិនិត្យ លើមុខទំនិញអោយច្បាស់លាស់ ។
ប្រភពបន្តថា ការដឹកទំនិញពីច្រកទ្វាអន្តរជាតិចាំយាម កាន់ទីក្រុងភ្នំពេញ ត្រូវធ្វើការឆ្លងកាត់ប៉ុស្តិ៍ ត្រួតពិនិត្យចំនួន3កន្លែង ទី1ប៉ុស្តិចាំយាម ទី2ប៉ុស្តិ៍អណ្តូងទឹក និងទី3ប៉ុស្តិ៍គយចល័ត ផ្លូវជាតិលេខ4 និងតម្រូវអោយមានការបង់ថ្លៃ បាយម្ហូប នៅអណ្តូងទឹក 1ឡានតូរីសចំនួន5ម៉ឺនរៀល និងគយចល័ត5ម៉ឺនរៀល ដូចគ្នា ដែលមានទីតាំង នៅផ្លូវបំបែកស្រែអំបិល លើកំណាត់ផ្លូវជាតិលេខ4៕