MENU
|
រាជធានីភ្នំពេញ៖ វីរកីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក World Championship Petaque 2017 នឹងត្រូវរាជរដ្ឋាភិបាលកម្ពុជាទទួលស្វាគមន៍ពេលត្រឡប់មកមាតុភូមិវិញនាសៀលថ្ងៃស្អែកទី១៨ ខែមេសា ឆ្នាំ២០១៧ ដោយមានការហែរក្បួនកត្តិយសអមជាមួយម៉ូតូធំ១២គ្រឿង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ដើម្បីទទួលស្វាគមន៍ដំណើរមកដល់មាតុភូមិរបស់វីរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក World Championship Petaque 2017 ដែ លនឹងមកដល់កម្ពុជា នាវេលាម៉ោង ៣៖៣០នាទីរសៀលស្អែកទី១៨ ខែមេសា ឆ្នាំ២០១៧នេះ មានការរៀបចំក្បួនម៉ូតូកិត្តិយស ១២គ្រឿង គឺជាអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដណ្ដើមបានមេដាយមាសថ្នាក់ពិភពលោក។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យកីឡាការិនី អ៊ុក ស្រីមុំ ចូលជួបសម្ដែងការគួរសម នាពេលវេលាសមស្របខាងមុខនេះផងដែរ ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត ដូចវីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់ មានដែលធ្លាប់ដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកកាលពីពេលកន្លងមក។
សូមបញ្ជាក់ថា កីឡាការិនី អ៊ុក ស្រីមុំ ទទួលជ័យជំនះមេដាយមាសជើងឯកពិភពលោកលើវិញ្ញាឯកត្តជននារី កីឡាប៉េតង់ នៅប្រទេស បែលហ្សិក។
អ្នកស្រីបានយកឈ្នះលើការប្រកួតលើកទី១ ឈ្នះកីឡាការនីបារាំង ១៣-១២
លើកទី២ ឈ្នះកីឡាការនីអេស្ប៉ាញ ១៣-១០,លើកទី៣ ឈ្នះកីឡាការនីស៊ុយអែត ១៣-១០, លើកទី៤ ឈ្នះកីឡាការនីកាណាដា ១៣-១១, លើកទី៥ ឈ្នះកីឡាការនីម៉ូណាកូ ៩-៨, លើកទី៦ ឈ្នះកីឡាការនីម៉ាដាហ្គាស្កា ១០-៧
និងចុងក្រោយលើកទី៧ ឈ្នះកីឡាការនីទុយនេស៊ី ១៣-៧។
ចំណែក កីឡាករ ញ៉ែម បូរ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏បានទទួលមេដាយប្រាក់លើវិញ្ញាសាវាយគូរបុរសនារី ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់លំដាប់ពិភពលោក World Championship Petanque 2017 នៅទីក្រុង Ghentប្រទេសបែលហ្ស៊ិក៕