រាជធានីភ្នំពេញ៖ សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិទី៦ ដោយនាំគ្នាគាំទ្រ សម្តេចក្រឡា ហោមស ខេង ធ្វើជាប្រធានអាណត្តិថ្មី ហើយជាមួយប្រកាសអំពីដំណឹងនៃការបង់វិភាគទានសម្រាប់រាល់សមាជិកដើម្បីអាចចូលរួមប្រកួតជើងឯកនានាបានបន្តទៀត។
កាលពីសៀលថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៧នៅក្នុងសាលប្រជុំពហុកីឡដ្ឋានជាតិអូឡាំពិក សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៥ និង បោះឆ្នោតជ្រើស រើសសមាជិកប្រតិបត្តិអាណត្តិទី ៦ ដោយនាំគ្នាគាំទ្រ សម្តេចក្រឡា ហោមស ខេង ធ្វើជាប្រធានអាណត្តិថ្មី ដោយ លោកឧត្តមសេនីយ៍ព្រហ្ម ឌិន ជាអនុប្រធានទី ១សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជា បានធ្វើការបញ្ជាក់ថា សហព័ន្ធបានសម្រេចនិងកំណត់ឲ្យក្លឹបដែលជាសមាជិកទាំងអស់ត្រូវតែបង់វិភាគទានចាប់ពីពេលនេះតទៅបើមិនដូច្នោះទេ គឺមិនអាចចូលរួមប្រកួតជើងឯកនានាបានឡើយ ។
សូមបញ្ជាក់ថា បន្ទាប់បន្តបោះឆ្នោតគាំទ្រ សម្តេចក្រឡា ហោមស ខេង ធ្វើជាប្រធានអាណត្តិថ្មី ហើយចំពោះសមាជិកប្រតិបត្តិ១៧រូបទៀតនោះមានលោកឧត្តមសេនីយ៍ព្រហ្ម ឌិន លោកលោកសោម ចិន លោក អ៊ុក សិទ្ធិជាតិ លោកម៉ៅ ប៊ុណ្ណារិន លោកមាស សារិន លោកស៊ុម សុជាតិ លោកឧត្តមសេនីយ៍ម៉ិញ សុធីវណ្ណ លោក មៀង ឈាង លោកឧត្តមសេនីយ៍កែ វណ្ណៈ លោកអ៊ិន គឹមស្រ៊ុន លោក ឯម ហៀង លោកសូម៉ៃ សុខគា លោកឡាយ សែម លោកទេស សូ លោកឌី បូរីម៉ា លោកពៅ វណ្ណា និង អ្នកស្រីសូ រ៉ាន់ដេត ។ បន្ទាប់មកតួនាទីរបស់សមាជិកប្រតិបត្តិនឹង ត្រូវប្រកាស១០ថ្ងៃក្រោយពីមហាសន្និបាតដែលបានធ្វើរួចហើយ។
អាណត្តិកន្លងមកនេះសហព័ន្ធប៊ូល និងប៉េតងបានធ្វើការកែទម្រង់ហើយសម្រាប់អាណត្តិថ្មីនេះសមាជិកប្រតិ បត្តិបានប្ដេជ្ញាថានឹងបន្តធ្វើការកែទម្រង់បន្តទៀត ។ លោកសូម៉ៃ សុខគាដែលជាគណនេយ្យរបស់សហព័ន្ធបានប្រ កាសឲ្យដឹងថាសហព័ន្ធដែលរកចំណូលបាន៨៤.៦៥០ដុល្លារនោះពេលនេះនៅសល់លុយ២៤.៩០១ដុល្លារទៀតក្រៅ ពីនេះថវិកាដែលបានមកពីវិភាគទានគ្រូ និង កីឡាករនោះនៅសលប្រមាណជាង១៩លានរៀលផងដែរ។
សូមរំលឹកថា ប៉េតង់ជាប្រភេទកីឡាដែលមានសក្ដានុពលមួយដែលតាំងពីបង្កើតជាសហព័ន្ធនៅឆ្នាំ១៩៩៣មករកបានមេដាយសរុប៣៣២មេដាយគឺមេដាយមាស៦២គ្រឿង មេដាយប្រាក់៨០គ្រឿង និងមេដាយសំរិទ្ធ៩១គ្រឿង ។ ក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់១គ្រឿង និង មេដាយសំរិទ្ធ៣គ្រឿងបានមកពីការប្រកួតជើងឯកពិភពលោក ៕ដោយ បូរិន