ខេត្តបន្ទាយមានជ័យ÷ ឃាតកបានបញ្ចប់ជីវិតមនុស្ស៣នាក់ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣:២៨នាទី ទៀបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ភូមិថ្មី ឃុំម៉ាឡៃ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យពេលដែលជនរងគ្រោះក្រោមកអុចធូកទទួលទេវតាឆ្នាំថ្មី។
សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍ឃាតកបាញ់ប្រហារពេលទទួលទេវតាឆ្នាំថ្មីនេះបណ្ដាលឲ្យមនុស្សស្លាប់២នាក់ នៅកន្លែងកើតហេតុជាផ្ទះជនរងគ្រោះភ្លាមៗតែម្ដងហើយម្នាក់ទៀតបានស្លាប់តាមផ្លូវពេលដែលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀតនោះ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យផងដែរ។ ទោះជាយ៉ាងណានៅមិនទាន់មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ នៃឃាតកម្មនេះនៅឡើយទេប៉ុន្តែសមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជាករណីគំនុំ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងប្រមូលភស្តតាងនឹងធ្វើការស្រាវជ្រាវស៊ើបអង្កេតនៅ ដើម្បីកំណត់មុខសញ្ញាឈានទៅចាប់ខ្លួនឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕