MENU
|
ខេត្តកំពង់ឆ្នាំង៖ មនុស្សម្នាក់ត្រូវបានស្លាប់ និង៣នាក់រងរបួសធ្ងន់ ក្នុងអំពើបាញ់ប្រហារមួយ ខ្មាន់កាំភ្លើងមានគ្នា២នាក់ ប្រដាប់ដោយ AK ២ដើម ចូលទៅបាញ់ប្រហារជាច្រើនគ្រាប់ ដល់ស្នាក់ការរដ្ឋបាលព្រៃឈើក្តុល ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាវេលាម៉ោង១៩ និង៤០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សឹង ហាត អាយុ៥៥ឆ្នាំ ជាមន្ត្រីរដ្ឋបាលព្រៃឈើ នៃតំបន់ក្តុល ចំណែក៣ទៀតដែលរងរបួសពុំត្រូវបានស្គាល់អត្តសញ្ញាណ ដោយក្នុងនោះ មានមន្ត្រីអាវុធហត្ថស្រុកម្នាក់ និងពលរដ្ឋ២នាក់ ។
ប្រភពព័ត៌មានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងអស់កំពុងជជែកគ្នាលេង នៅបរិវេណទីស្នាក់ការ លុះវេលាកើតហេតុ ស្រាប់តែលិចមុខខ្មាន់កាំភ្លើង២នាក់ស្លៀកឯកសណ្ឋានឈុតប៉ារ៉ា ប្រដាប់ដោយកាំភ្លើង AK ២ដើម ចូលមកធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់ស្រោចមកលើក្រុមជនរងគ្រោះ បណ្តាលអោយមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ត្រូវស្លាប់នៅហ្នឹងកន្លែង និង២នាក់ទៀតត្រូវរងរបួសធ្ងន់ ។
ក្រោយការបាញ់ប្រហារពួកបានរត់គេចតាមដងផ្លូវ ហើយក៏បានបាញ់រះជាច្រើនគ្រាប់ទៀត បណ្តាលអោយគ្រាប់កាំភ្លើង ត្រូវចំជើងពលរដ្ឋម្នាក់ ប៉ុន្តែសំណាងល្អត្រូវរងរបួសសើរស្បែក ។ បន្ទាប់មកខ្មាន់កាំភ្លើងទាំង២បានរត់គេចបាត់ស្រមោលតែម្តង ។
ក្រោយអំពើបាញ់ប្រហារកម្លាំងនគរបាល រួមមានកម្លាំងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដើម្បីពិនិត្យវិច្ច័យផងដែរ ។ ដោយឡែកជនរងគ្រោះត្រូវដឹកបញ្ចូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។
ប្រភពមិនច្បាស់ការណ៍មួយអោយដឹងថា ក្នុងអំពើបាញ់ប្រហារដដែលនេះ ក្រោយបាញ់មន្ត្រីរដ្ឋបាលព្រៃឈើអោយស្លាប់ហើយនោះ ខ្មាន់កាំភ្លើងបានដោះយកខ្សែ.ក មាស របស់ជនរងគ្រោះទម្ងន់១ជី ដែលពាក់នៅជាប់នឹង.ក យកទៅបាត់ផងដែរ ។
ករណីខាងលើនេះ មន្ត្រីសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានថា ជាករណីអ្វីគំនុំឬករណីអ្វីអោយពិតប្រាកដនៅឡើយទេ រងចាំការការស៊ើបអង្គេតបន្ថែមនៅពេលក្រោយ ៕