រាជធានីភ្នំពេញ៖ កម្មករសំណង់ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចធ័ម ដោយសារធ្លាក់ពីលើសំណង់អាគារសាលាប៊ែលធីអន្តរជាតិ កម្ពស់៥ជាន់ ពេលកំពុងលើកដែកឡើង ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង០០នាទីព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៧ ចំនុចសំណង់ថ្មីសាលាប៊ែលធីអន្តរជាតិ មានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះមានឈ្មោះ ផល សុភណ្ឌ័ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិព្រៃឈាង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅចំនុចកើតហេតុខាងលើ ។
ប្រភពអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅជាន់ទី៥ ដោយឈរលើបន្ទាដើម្បីទាញដែកពីជាន់ផ្ទាល់ដីឡើងទៅ លុះមិនទាន់បានទាញឡើងផង ស្រាប់តែបាក់បន្ទា បណ្តាលអោយរូបគេត្រូវធ្លាក់ពីជាន់ទី៥មកដល់ដី ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅហ្នឹងកន្លែងតែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន រួមមានសមត្ថកិច្ចកោសល្យវិច្ច័យបានចុះអន្តរាគមន៍ពិនិត្យទីតាំងកើតហេតុផងដែរ ។ ក្រោយការពិនិត្យវិច្ច័យរួចមកមន្ត្រីសមត្ថកិច្ចជំនាញ អះអាងថា ជនរងគ្រោះ ពិតជាត្រូវធ្លាក់ពីលើអាគារស្លាប់ប្រាកដមែន ពុំមែនជាករណីអ្វីផ្សេងឡើយ ។ ក្រោយការពិនិត្យរួច សពជនរងគ្រោះ ត្រូវប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕