MENU
|
ប្រទេសថៃ ÷ យ៉ាងហោចណាស់ក៏មានកម្មករខ្មែរដែលមានមុខរបរជាអ្នកបេះផ្លែឈើនៅក្នុងខេត្តត្រាត ប្រទេសថៃ បានស្លាប់ភ្លាមៗ ក្នុងចំណោមកម្មករខ្មែរថៃ ប្រមាណជាង១០នាក់ ខណៈដែលពួកគេទាំងអស់គ្នាបានចេញដំណើរដោយរថយន្តឆ្ពោះទៅចំការដើម្បីបេះផ្លែឈើអោយថៅកែថៃ ក៏ត្រូវរថយន្តផ្ទុះកង់ធ្លាក់ផ្លូវទៅបុកនឹងដើមឈើ យ៉ាងពេញទំហឹងតែម្តង ។
យោងតាមរបាយការណ៍របស់សារព័ត៌មានថៃដែលបានចេញផ្សាយបានបញ្ជាក់ថាករណីគ្រោះថ្នាកចរាចរណ៍ដោយឯកឯងនេះ បានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២០១៧តាមបណ្តោយផ្លូវ ប្រាក់ឌូ ឆាងក្លឿស្ថិតក្នុង ឃុំហ៊ួយរ៉ែងស្រុកមឿងខេត្តត្រាតប្រទេសថៃ គឺរថយន្តដែលរងគ្រោះថ្នាក់នោះ ម៉ាក តូយូតា វីហ្គូពាក់ស្លាកលេខ ច័ន្ទបុរី ៩៧៦៥ ។ របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុគឺគេបានឃើញរថយន្តនេះបានធ្វើដំណើរក្នុងទិសដៅឆ្ពោះទៅខាងសុខុមវីតដោយនៅលើរថយន្តនោះមានដឹកកម្មករបេះផ្លែឈើ ខ្មែរ ថៃ ប្រមាណជាង១០នាក់ផងដែរគឺក្នុងគោលបំនងដឹកទៅកាន់ចំការមួយកន្លែង នៅក្នុងខេត្តត្រាត ។
លុះទៅដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែគេបានឮសម្លេងផ្ទុះកង់រថយន្តរួចហើយក៏ស្រាប់តែឃើញរថយន្តនោះរេចង្កូតធ្លាក់ចេញពីផ្លូវ ហើយដោយសារតែល្បឿនលឿនផងនោះ ធ្វើអោយរថយន្តបានជ្រុលទៅបុកនឹងគល់ឈើមួយនៅជាប់ទីនោះតែម្តង។ ភ្លាមៗនោះដែរ កំលាំងតម្រួតថៃបានចេញប្រតិបត្តិការទៅកាន់ទីតាំងកើតហេតុដើម្បីចាត់បញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យបាងកក.ត្រាត ។
តាមរូបភាពជាក់ស្តែងបានបញ្ជាក់ថាកម្មករខ្មែរថៃ ដែលរងរបួសសរុបមានចំនួន១៥នាក់ ដោយឡែកនារីម្នាក់ដែលជាកម្មករជនជាតិខ្មែរបានស្លាប់នៅនឹងកន្លែងក្នុងស្ថានភាពបាក់ក ដែលក្រោយពេលកើតហេតុសមត្ថកិច្ចបានរៀបចំប្រគល់សពទៅអោយជំនាញនិងសាច់ញាតិដើម្បីរៀបចំសុំការអនុញ្ញាតដឹកបញ្ជូនទៅកាន់ស្រុកកំណើតនៅប្រទេសកម្ពុជាវិញចំណែកអត្តសញ្ញាណសព និងអ្នកដែលរងរបួសគេនៅមិនទាន់ទទួលបាននៅឡើយទេ ៕