MENU
|
រាជធានីភ្នំពេញ៖ យោងតាមមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)បានសម្រេចលុបឈ្មោះបេក្ខជនឈរឈ្មោះបោះ ឆ្នោតនៃគណបក្សនយោបាយ សម្រាប់ការជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៨៨នាក់ ខណៈដែលការឃោសនា កំពុងក្តៅគគុកមិនទាន់បញ្ចប់និងការបោះឆ្នោតកាន់ខិតជិតចូលមកដល់នាថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បាន នៅថ្ងៃទី២៤ ខែឧសភានេះបានអ្នកសារព័ត៌មានកោះសន្តិភាពតាមទូរស័ព្ទថា៖ បេក្ខជនឈរឈ្មោះគណបក្ស នយោបាយដែលត្រូវ លុបចេញ ពីបញ្ជីនោះ គឺបន្ទាប់ពីគជប រកឃើញថា បេក្ខជនទាំងនោះមិនគ្រប់លក្ខខ័ណ្ឌឈរឈ្មោះ មិនគ្រប់អាយុ២៥ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានបេក្ខជនមួយចំនួនទៀតមានឈ្មោះលើសពីមួយ សុំលាឈប់មានអាយុតិចជាង២៥ឆ្នាំ និងទទួលមរណភាព។
លោកបានបញ្ជាក់ថា ការលុបឈ្មោះបេក្ខជនគណបក្សនយោបាយនេះក្នុងអំឡុងពេលឃោសនានេះ មិនប៉ះពាល់ដល់ដំណើរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះទេ ដោយសារក្នុងគណបក្សនយោបាយនីមួយៗមានបេក្ខជនឈរឈ្មោះបម្រុង។ការលុបនេះមានតែចំនួន៨គណបក្សនយោបាយក្នុងចំណោម១២គណបក្សដែលបានចុះឈ្មោះឈរឈ្មោះប្រកួតការបោះឆ្នោតឃុំសង្កាត់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឲ្យដឹងថា បេក្ខជនឈរ ឈ្មោះ របស់គណបក្សនយោបាយដែលត្រូវលប់ចេញ ដោយមិនគ្រប់អាយុ២៥ឆ្នាំមានចំនួន៦៣នាក់និង បាន សុំលាឈប់ដោយខ្លួនឯង និងទទួលមរណភាពមានចំនួន២១នាក់ ដែលមកពីគណបក្សប្រជាជនកម្ពុជាចំនួន៩នាក់ គណបក្សសង្រ្គោះជាតិចំនួន២៤នាក់ គណបក្ស ហ៊្វុនស៊ិនប៉ិចចំនួន២៣នាក់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យចំនួន៤នាក់ គណបក្ស ខ្មែររួបរួមជាតិ ចំនួន១៤នាក់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន៥នាក់ និងមកពីគណបក្សសញ្ជាតិកម្ពុជា ចំនួន៣នាក់។
ដោយឡែក ការលុបឈ្មោះបេក្ខជនដែលមានឈ្មោះលើសពីមួយមានគណបក្សអំណាចខ្មែរ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យ នៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ចំនួន១រូប។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្ស ខ្មែររួបរួមជាតិ នៅសង្កាត់គីឡូម៉ែត្រ៦ ចំនួន១រូប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។គណបក្សសង្រ្គោះជាតិ និងគណបក្ស ខ្មែររួបរួមជាតិ ចំនួន១រូប នៅឃុំអំពិលតាពក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្ស ខ្មែររួបរួមជាតិ ចំនួន១រូប នៅឃុំព្រះធាតុ ស្រុកស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។
គជបបានប្រកាសថារយៈពេលឃោសនាចំនួន៤ថ្ងៃនេះទទួលបានពាក្យបណ្តឹងចំនួន២០នៅតាមរាជធានីខេត្ត៨ក្នុងខេត្តចំនួន២៥។បណ្តឹងចំនួន១៥ប្តឹងដោយគណបក្សប្រជាជនកម្ពុជានិង៥បណ្តឹងប្តឹងដោយគណបក្សសង្រ្គោះជាតិ៕