ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម គាំទ្រអតីតប្រធានាធិបតីលោកស្រី Park Geun Hye (ផាកគឹនហេ) នៅទីក្រុងសេអូល ក្នុងគោលដៅទាមទា ឲ្យដោះលេងលោកស្រីឲ្យមានសេរីភាព។
ប៉ូលិសទីក្រុងសេអូលបានឲ្យដឹងថា កម្លាំងសន្តិសុខ ប្រមានជាង១០ពាន់នាក់បានដាក់ពង្រាយ ឲ្យការពារ និងតាមដានសកម្មភាព បាតុកម្មខាងលើ ខ្លាចមានអំពើហឹង្សាកើតឡើង។ ក្រុមបាតុករគាំទ្រនឹងប្រឆាំង បាននាំគ្នា បានដង្ហែរក្បួនបាតុកម្មដូចគ្នានៅក្នុងទីក្រុងសេអូល បង្ករឲ្យមានការបែងចែកបក្ខពួកនៅក្នុងក្រុង។
អតីតប្រធានាធិបតី ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី ៣១ខែមីនា ដោយរងការចោទប្រកាន់ពីបទ ពុករលួយ គេងអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងអនុញ្ញាត្តិឲ្យមិត្តភក្តិ ដែលគ្មានតំណែង នៅក្នុងជួររដ្ឋាភិបាលជ្រៀតជ្រេកចូលកិច្ចការ របស់រដ្ឋ។
ក្រុមបាតុកររាប់សិបពាន់នាក់ក៏បាន នាំគ្នាធ្វើបាតុកម្មនៅមុខមន្ទីឃុំឃាំង ទាមទាឲ្យដោះលេងអតីតប្រធានាធិបតី ។ កាលពី១០ថ្ងៃមុន តុលាការធម្មនុញ្ញបានសម្រេចដកដំណែងប្រធានាធិបតីជាផ្លូវការ ដើម្បីជាការបើកផ្លូវ ឲ្យរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។
ស្ថានភាពនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែយ៉ាប់យឺន ក្នុងពេលដែលប្រទេសនេះកំពុងតែប្រឈមនិងការគំរាមកំហែងពីកូរ៉េខាងជើង ក៏ដូចជារងការវាយបកវិញពី ប្រទេសចិនទៅលើវិស័យសេដ្ឋកិច្ចក្រោយពេលដែលប្រទេសនេះបានអនុញ្ញាត្តិឲ្យអាមេរិក ដាក់ប្រព័ន្ធមីស៊ីលការពារ នៅកូរ៉េខាងត្បូង ។