MENU
|
លោកMoon Jae In ចង់ពិភាក្សា និងបង្កើនទំនាក់ទំនងការបរទេស សេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ។អ្វីដែលសំខាន់នោះគឺលោកចង់ដឹកនាំផ្ទាល់នៅក្នុងការដោះស្រាយវិបត្តិជាមួយកូរ៉េខាងជើង គឺដើរផ្ទុយពីគោលជំហររបស់អាមេរិកទៅលើកូរ៉េខាងជើង។
តាមការប្រកាសរបស់ក្រុមអ្នកឯកទេសវិភាគបញ្ចាក់ថា ការជាប់ឆ្នោតរបស់លោក Moon Jae In និងគោលនយោបាយដឹកនាំរបស់លោកអាចធ្វើឲ្យអាមេរិកនិងកូរ៉េខាងត្បូងមានវិវាទនឹងគ្នាក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង។ ដូចកាលពីប្រធានាធិបតីហ្វីលីពីន លោក ឌូទឺទេ ឡើងកាន់តំណែង ដែលមានគោលនយោបាយផ្ទុយពីប្រធានាធបិតីមុន ធ្វើឲ្យសម្ព័ន្ធមិត្ត រវាងអាមេរិកនិងហ្វីលីពីន ដែលមានរយៈពេលរាប់សិបឆ្នាំមកនេះត្រូវបែកបាក់ ។ តើកូរ៉េខាងត្បូង កំពុងតែដើរតាមផ្លូវនោះឬ?
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រងសម្តីអ្នកនាំពាក្យ សេតវិមាន លោក Sean Spicer បញ្ចាក់ថា ប្រធានាធិបតីត្រាំចង់ជួបពិភាក្សាជាមួយប្រធានាធិបតីថ្មី កូរ៉េខាងត្បូង Moon Jae In ទៅលើបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់នាពេលកន្លងមក។ អ្នកនាំពាក្យសេតវិមានបញ្ចាក់ទៀតថា លោករងចាំ ប្រទេសទាំងពីរអាមេរិក-កូរ៉េខាងត្បូង បន្តសហការគ្នា បង្កើនទំនាក់ទំនងមិត្តភាពកាន់តែជិតស្និតថែមទៀត។
Moon Jae In កំពុងតែស្វែងរកវិធីសស្ត្រ ដឹកនាំថ្មី កំណត់គោលដៅថ្មីរបស់កូរ៉េខាងត្បូង ពិសេសគឺការដោះស្រាយបញ្ហាកូរ៉េខាងជើង ។ នៅក្នុងពេលឃោសនាបោះឆ្នោត លោក Moon Jae In បញ្ចាក់ថា «យើងចាំបាច់ត្រូវតែធ្វើជាម្ចាស ក្នុងការដោះស្រាយ បញ្ហា វិវាទជាមួយកូរ៉េខាងជើង ។ សម្ព័ន្ធមិត្ត អាមេរិក ដើរតួនាទីគាំទ្រ ការសម្រេចរបស់យើង ក្នុងការរកសំណោះស្រាយជាមួយប្រទេសជិតខាង កូរ៉េខាងជើង»។
ចំណែកសារព័ត៌មាន Tokyo Shimbun របស់ជប៉ុន បានផ្សាយថា លោក Moon Jae In បានប្រកាសដោយបើកជំហរពីគម្រោង សហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង។
នៅពេលនេះដែរ ប្រសិនបើ រដ្ឋាភិបាលថ្មីកូរ៉េខាងត្បូង ចាប់ផ្តើមសហការសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង ដូចជា ដំណើរការ តំបន់ឧស្សាហកម្ម Kaesong ដែលជាតំបន់ «មាន់ពងចេញមាស»របស់កូរ៉េខាងជើង និងធ្វើឲ្យការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង ពីសហគមន៍អន្តរជាតិត្រូវថយចុះ ជាការបំបែក ជញ្ជាំងឡោមព័ទ្ធសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។