MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២ខែមេសាឆ្នាំ២០១៧លើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ក្នុងរដូវ “បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ” ជិតចូលមកដល់នេះ ចូរអ្នកទាំងអស់គ្នាគិតផងថា ឱកាសដែលអ្នកទទួលបាននូវសេចក្តីសុខសប្បាយ ជួបជុំក្រុមគ្រួសារ ប្រពន្ធ កូន ចៅ គ្មានអ្នកណារំលោភបំពាននោះ “អ្នកដទៃក៏ប្រាថ្នាចង់បានដូចគ្នាដែរ”។
ឯកឧត្តមប្រធានគណបក្សប្រឆាំងបានលើកឡើងថាដូច្នេះ ខ្ញុំសុំឲ្យខ្មែរគ្រប់រូបមេត្តាអត់ឱន អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជាពិសេសអ្នកដឹកនាំ ជាអ្នកនយោបាយ ក៏ដូចជាអ្នកបើកបរផងដែរ។ នេះជាកុសលផលបុណ្យដ៏ធំធេងណាស់ បើលោកអ្នកអាចធ្វើបានក្នុងឱកាសនេះ។ខ្ញុំក៏ចូលរួម និងសារទរនូវគុណធម៌នេះ។
ស្របពេលជាមួយគ្នានេះដែរនៅរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំគណៈកម្មាធិការនាយកមួយ ដើម្បីរៀបចំកែសម្រួលក្បាលម៉ាស៊ីនរបស់ខ្លួនឡើងវិញ ឱ្យស្របតាមលក្ខន្តិកៈថ្មី ដែលតម្កល់ទុក និងទើបទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ នេះបើតាមការអះអាងរបស់ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិប្រាប់អ្នកសារព័ត៌មាន។
កាលពីព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ ការធ្វើ វិសោធនកម្មលើប្រការ៤៥ និងប្រការ៤៧ នៃលក្ខនិ្តកៈ ដែលបាន អនុម័តដោយ សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ប៉ុន្តែក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យគណបក្សសង្រ្គោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្ត ឱ្យបានត្រឹមត្រូវលក្ខនិ្តកៈថ្មីរបស់ខ្លួននេះ។
ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិបន្តថា កិច្ចប្រជុំគណៈកម្មាធិការនាយកនេះ ក្រៅពីប្រជុំពិភាក្សា អំពី ការអនុវត្តតាមលក្ខន្តិកៈ គណបក្សប្រឆាំង គណបក្សប្រឆាំងក៏នឹងសម្រេចអំពីការប្រើប្រាស់ ឬ មិនប្រើប្រាស់ពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលក្រសួងមហាផ្ទៃ ព្រមានផងដែរ៕