MENU
|
រាជធានីភ្នំពេញ៖ យោងតាមលោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០១៧ថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហា និងរៀប ចំមាតុភូមិនិវត្តន៍របស់ពលករពលការិនីខ្មែរចំនួន៤នាក់បានវិញត្រឡប់មកកម្ពុជាវិញពីប្រទេសម៉ាឡេស៊ី។
លោកជុំ សុន្ទរីបានលើកឡើងថា ១ .ពលការិនី វ.ឡ អាយុ២៣ឆ្នាំ មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនប្រទេសថៃទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក នាងបានទៅស្ថានទូតនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ស្នើសុំទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។
មន្រ្តីក្រសួងការបរទេសខ្មែររូបនេះបានអះអាងថា ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជករបស់ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូននាង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ ២.ពលការិនី ភ.ច.ធ អាយុ៣៧ឆ្នាំ មកពីស្រុកអូររាំងឳ ខេត្តកំពង់ចាម ត្រូវបានមេខ្យល់បោក បញ្ឆោតនាំធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនប្រទេសថៃទៅកាន់ម៉ាឡេស៊ី ដោយធ្វើការនៅរោងចក្រអារឈើ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ ដោយចង់ត្រឡប់មកកម្ពុជាវិញ នាងបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ៣.ពលករ ប.ឌ.ណ អាយុ២៧ឆ្នាំ មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានមេខ្យល់បោក បញ្ឆោតនាំធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនប្រទេសថៃទៅកាន់ម៉ាឡេស៊ី ដោយធ្វើការនៅរោងចក្រអារឈើ តាំងពីឆ្នាំ២០១៤។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលករបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។
លោកជុំសុន្ទរីលើកឡើងថា ៤.ពលការិនី ល.វ.ល អាយុ៣៣ឆ្នាំ មកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទៅម៉ាឡេស៊ីធ្វើការនៅហាងហ្គេមកំសាន្តមួយកន្លែង កាលពីឆ្នាំ២០១១ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយចង់ត្រឡប់មកកម្ពុជាវិញ នាងស្នើសុំកិច្ចអន្តរាគមន៍ ពីស្ថានទូតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៧។
ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំងផ្តល់កន្លែងស្នាក់ នៅនិងអាហារបរិភោគជូនដល់ពលករពលការិនីទាំង៤នាក់ ហើយពួកគេបានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៧និង៥០នាទីព្រឹក តាមជើងយន្តហោះ AK536 ៕