MENU
ក្រសួងការបរទេសប្រកាស ពីជំនួបរវាងឯកឧត្តម ប្រាក់ សុខុន និងលោកស្រីឯកអគ្គរដ្ឋទូត ស៊ុយអែតប្រចាំនៅកម្ពុជា
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៣ មករា ២០១៧, ១៧:០៣ | ៤៨០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៣ខែមករាឆ្នាំ២០១៧ចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលពីជំនួបរវាងឯកឧត្តមប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងលោកស្រីឯកអគ្គរដ្ឋទូតប្រទេសស៊ុយអែត។

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ Maria Sargren ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសស៊ុយអ៊ែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង ។

បន្ទាប់ពីបានសម្តែងការស្វាគមន៍ និងការអបអរសាទរ ចំពោះការតែងតាំងរូបលោកជំទាវ Maria Sargren ជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអះអាងពីការគាំទ្ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជារបស់ឯកឧត្តមផ្ទាល់ ដើម្បីឱ្យលោកជំទាវអាចបំពេញភារកិច្ចការទូតរបស់លោកជំទាវបានដោយរលូន និងប្រកបដោយជោគជ័យ។

លោកទេសរដ្ឋមន្រ្តី បានជំរាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងឯកឧត្តមStefan Löfven នាយករដ្ឋមន្ត្រីរបស់ប្រទេសស៊ុយអ៊ែត កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ក្នុង   ឱកាសដែលនាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយអ៊ែត សម្រាប់ការផ្តល់ជំនួយឧបត្ថម្ភគ្រប់បែបយ៉ាងដល់កម្ពុជា ពិសេសក្នុងពេលដែលកម្ពុជាកំពុងជួបនូវការលំបាកខ្លាំង បន្ទាប់ពីការរំដោះប្រទេស នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោករដ្ឋមន្រ្តី បានសម្ដែងសេចក្ដីរីករាយពេញចិត្តចំពោះការវិវត្តដ៏ល្អនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ពិសេសការកើនឡើងជារៀងរាល់ឆ្នាំនូវបរិមាណនៃការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីបំណងរបស់ឯកឧត្តមចង់ជំរុញទំនាក់ទំនងផ្នែកធុរៈកិច្ច បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការផ្លាស់ប្ដូរសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី បានស្នើលោកជំទាវឯកអគ្គរដ្ឋទូតជួយជំរុញធុរៈជនរបស់ស៊ុយអ៊ែត ចូលរួមក្នុង «វេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន» ដែលប្រព្រឹត្តទៅក្នុងខែឧសភា ឆ្នាំ២០១៧ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនោះគឺជាកាលានុវត្តភាពដ៏សំខាន់មួយសម្រាប់ជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តី  បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ឯកអគ្គរដ្ឋទូតស៊ុយអ៊ែតមុន  ក៏ដូចជារបស់លោកជំទាវផ្ទាល់ក្នុងការជួយជំរុញយុទ្ធនាការ «កម្ពុជាគឺជាគោលដៅសម្រាប់ពាណិជ្ជកម្ម និងការធ្វើវិនិយោគ» ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការជួយជំរុញវិនិយោគិនស៊ុយអ៊ែតឲ្យមករកស៊ីនៅកម្ពុជា។

លើផ្នែកទេសចរណ៍ លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះការកើនឡើងគួរឲ្យចាប់អារម្មណ៍នូវចំនួនទេសចរស៊ុយអ៊ែតមកកាន់កម្ពុជា ហើយបានលើកឡើងពីបំណងចង់ឲ្យពិនិត្យលទ្ធភាពក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍នេះ។

លើផ្នែកអប់រំ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលស៊ុយអ៊ែតក្នុងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការកើនឡើងនូវចំនួននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសស៊ុយអ៊ែតដល់ចំនួន៤០០នាក់ ក្នុងទសវត្សរ៍ចុងក្រោយនេះ។

លោកជំទាវ Maria Sargren បានជម្រាបជូនលោករដ្ឋមន្រ្តី អំពីការរីករាយពេញចិត្តរបស់លោកជំទាវ ចំពោះការវិវត្តន៍ដ៏ល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតឡើងនូវទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៦១ ពិសេសលោកជំទាវបានលើកឡើងពីការផ្តល់ជំនួយសង្រ្គោះបន្ទាន់របស់រដ្ឋាភិបាលស៊ុយអ៊ែត ចំពោះប្រជាជនកម្ពុជា បន្ទាប់ពីការរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។

បន្ទាប់មកគឺការបង្កើតឡើងនូវការិយាល័យរបស់ទីភ្នាក់ងារជំនួយអភិវឌ្ឍន៍របស់ប្រទេសស៊ុយអ៊ែត ប្រចាំនៅកម្ពុជាក្នុងឆ្នាំ១៩៩៦ ដែលក្រោយមកត្រូវបានតម្តើងទៅជាស្ថានឯកអគ្គរដ្ឋទូតរបស់ស៊ុយអ៊ែតនៅក្នុងឆ្នាំ ២០១០។

លោកជំទាវ ក៏បានគូសបញ្ជាក់ថា បន្ទាប់ពីការបង្កើតឡើងនូវស្ថានទូតស៊ុយអ៊ែត ប្រចាំនៅកម្ពុជា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស អប់រំ បរិស្ថាន ហើយនិងការប្រែប្រួលអាកាសធាតុ មានការរីកចំរើនល្អ ហើយទទួលបានលទ្ធផលគួរជាទីពេញចិត្ត ។

លោកជំទាវ Maria Sargren ក៏បានសម្ដែងនូវការរីករាយពេញចិត្តចំពោះការរីកចំរើនក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើផ្នែកពាណិជ្ជកម្ម វិនិយោគទុន វប្បធម៌ ហើយបានអះអាងថាស៊ុយអ៊ែត នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អរបស់ប្រទេសទាំងពីរដែលមានស្រាប់នាពេលនេះ។

លោកជំទាវ Maria Sargren បានជំរាបជូនលោករដ្ឋមន្រ្តី ថាដើម្បីជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ភាគីស៊ុយអ៊ែតមានគំរោងបញ្ជូនគណៈប្រតិភូរបស់មន្ទីរពាណិជ្ជកម្មស៊ុយអ៊ែត ប្រចាំនៅទីក្រុងបាងកក មកទស្សនកិច្ចនៅកម្ពុជា ដើម្បីធ្វើទំនាក់ទំនងនិងពិភាក្សាជាមួយភាគីកម្ពុជា អំពីលទ្ធភាពក្នុងការពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោកជំទាវ Maria Sargren បានលើកឡើងពីការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់លោកជំទាវ   ក៏ដូចជារបស់រដ្ឋាភិបាលស៊ុយអ៊ែត ចំពោះការរីកចំរើនលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ដែលបាននាំឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកំរឹតទាប និងបានគូសបញ្ជាក់ថា ប្រទេសស៊ុយអ៊ែតមានមោទនភាពក្នុងការធ្វើជាដៃគូអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា។លោកជំទាវក៏បានសម្ដែងនូវសេចក្តីរីករាយចំពោះជំនួបក្នុងពេលថ្មីៗនេះ រវាងសម្ដេចអគ្គមហាសេនា-  បតីតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត នៅទីក្រុង Davos ប្រទេសស្វីស។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីការថ្លែងអំណរគុណរបស់រដ្ឋាភិបាលស៊ុយអ៊ែត សម្រាប់ការគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពរបស់ស៊ុយអ៊ែត ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០១៧ - ២០១៨ ។                       

Tags:
  • ក្រសួងការបរទេស
  • ប្រាក់ សុខុន
  • អគ្គរដ្ឋទូត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥