MENU
|
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ក្នុងនោះមានអ្នកកាសែតម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឆ្មក់ធ្វើការចាប់ខ្លួនបាន ដកហូតថ្នាំញៀន៣០កញ្ចប់តូចនិង៤កញ្ចប់ធំ រួមនិងវត្ថុតាងមួយចំនួនធំទៀត។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើនេះ មានការដឹកនាំកម្លាំងដោយលោក ម៉េង វិមានដារ៉ា អធិការរងទទួលបន្ទុកផ្នែកបង្ក្រាបបទល្មើសគ្រឿងញៀន សហការជាមួយនឹងកម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ រួមនិងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមចុះធ្វើការឆ្មក់ឡោមពទ្ធ័បង្ក្រាបទីតាំងខាងលើនេះដែលជាទីតាំងរបស់ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនសម្ងំលាក់ខ្លួន។ ជាលទ្ធផលកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនបានជនសង្ស័យ២នាក់ ក្នុងនោះមានម្នាក់ជាអ្នកកាសែតឈ្មោះ អ៊ែល ធិរ៉ា ជាអ្នកយកព័ត៌មាន និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះសមត្ថកិច្ចកំពុងសាកសួរ។
ក្នុងនោះដែរ សមត្ថកិច្ចធ្វើការឆែកឆេររកឃើញវត្ថុតាងជាច្រើនរួមមាន ថ្នាំញៀនចំនួន៣០កញ្ចប់តូច និង៤កញ្ចប់ធំ ដាវស៊ាំម៉ូរ៉ៃចំនួន២ដើម កាំបិតចំនួន១ ដែកកេះចំនួន១៩ អាយឌីចំនួន១ ទូរសព្ទ៣គ្រឿង ស្រោមកាំភ្លើង១ គ្រាប់កាំភ្លើងមួយចំនួន ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយចំនួន រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់ និងជួញដូរមួយចំនួនធំផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕