តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកWHO មកទល់ពេលនេះមានប្រទេសរហូតដល់ទៅ៤៦ប្រទេស មានករណីឆ្លងវីរុសហ្ស៊ីការ ហើយប្រទេសទាំងនោះបានដាក់ក្នុងស្ថានភាពអសន្នក្នុងការប្រឆាំងវីរុសហ្សីការ។
អគ្គនាយកអង្គការសុខភាពពិភពលោកលោកស្រី ម៉ាហ្គារ៉ែត ចាន(Margaret chan) កាលពីថ្ងៃទី ២៤ខែកុម្ភៈបានប្រកាសថា វីរុសហ្ស៊ីការកំពុងក្លាយទៅជាឧបស័គ្គយ៉ាងធំធេង ពិបាកក្នុងការគ្រប់គ្រង។
តាមការវាយតម្លៃរបស់អង្គការ WHO ហ្ស៊ីការគឺជាការគម្រាមកំហែងយ៉ាងធំធេង ដោយសារតែវាបានរាលដាលយ៉ាងឆាប់រហ័សលើសពីការស្មាន ។ បើទោះបីចំនួនអ្នកស្លាប់ដោយសារវីរុសហ្សីការទើបតែមាននៅក្នុងប្រទេសចំនួន៩ប៉ុណ្ណោះ តែចំនួនការឆ្លងរាលដាល់ទៅដល់ប្រទេសរហូតដល់៤៦ ។
ប្រេស៊ីលជាប្រទេសដែលមានការឆ្លងរាលដាលច្រើនជាងគេបំផុត ដោយមានពលរដ្ឋរហូតដល់ទៅ១,៥លាននាក់បានឆ្លង ។ ក្រសួងសុខាភិបាលប្រេស៊ីលបានប្រកាសថា មានកុមាររហូតដល់ទៅ៥៨៣នាក់កើតមកមានក្បាលតូចខុសពីធម្មតា ដោយសារតែការឆ្លងវីរុសហ្សីកា។
ចំនួនពលរដ្ឋឆ្លងវីរុសហ្ស៊ីការកើតឡើង ១៤,៧ភាគរយ ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។ អង្គការសុខភាពពិភពលោកបានតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងប្រទេសកូឡាំបីដែលមានស្ត្រីមានផ្ទៃពោះជាង6300នាក់ឆ្លងវីរុសហ្ស៊ីការក្នុងចំណោមពលរដ្ឋ ៣៧០០០នាក់បានឆ្លងវីរុសនេះ៕