ក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ នៅថ្ងៃទី១៤ខែកុម្ភៈ ដើម្បីថ្កោលទោស ទៅលើសកម្មភាពសាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។
សមាជិកក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រកាស ថ្កោលទោស ទីក្រុងព្យុងយ៉ាង ពីសកម្មភាព បាញ់មីស៊ីលល្មើសច្បាប់អន្តរជាតិ ។ អ ស ប បានប្រកាសថានឹងមានទណ្ឌកម្មទៀតបន្ថែមទៅលើកូរ៉េខាងជើង ប្រសិនបើ ប្រទេសនេះមិនព្រមបញ្ឈប់កម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីល។
លោក Matthew Rycroft អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា អង្គការសហប្រជាជាតិបានឯកភាព ថ្កោលទោសកូរ៉េខាងជើង ។
កន្លងមកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសកូរ៉េខាងជើង ដែលបន្តសកម្មភាពប្រឆាំង នឹងច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ក្រោយពេលប្រទេសនេះបានបាញ់មីស៊ីល។
អគ្គលេខាធិការ អ ស ប បានបញ្ចាក់ថា «មេដឹកនាំកូរ៉េខាងជើងចាំបាច់ត្រូវតែគោរពសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ធ្វើឲ្យឧប្បទ្វីបកូរ៉េគ្មានគ្រាប់បែកបរមាណូ។
សូមបញ្ចាក់ផងដែរថា កាលពីថ្ងៃទី១២ខែកុម្ភៈកូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីទីតាំងទ័ពអាកាស Banghyon ស្ថិតនៅខេត្ត Pyongan ស្ថិតនៅភាគខាងលិចប្រទេសនេះ ។មីស៊ីលបានហោះទៅចម្ងាយ៥០០គីឡូម៉ែត្រ ក៏ធ្លាក់ចូលសមុទ្រតែម្តង ៕