MENU
|
ក្រោយពេលអាមេរិកបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិបន្ថែម៥៤ពាន់លានដុល្លារ នឹងផលិតនាវាផ្ទុកយន្តហោះបន្ថែម នឹងបង្កើនឃ្លាំងអាវុធ ។នៅពេលនេះ អាមេរិកបានបន្ថែមទាហានប្រមាន២៨.០០០នាក់ទៀត ។
តាមគម្រោង នៅថ្ងៃទី៣០ខែ កញ្ញាខាងមុខ អាមេរិកនឹងបង្កើនចំនួនទាហានបន្ថែម២៨ពាន់នាក់ទៀត ធ្វើឲ្យកម្លាំងទាហានអាមេរិកកើនឡើងជាង១លាននាក់។នៅពេលនេះអាមេរិកចាប់ផ្តើម ជ្រើសរើស កម្លាំងទាហានបន្ថែម សម្រាប់ ពង្រឹងវិស័យការពារជាតិសាកសមជាប្រទេសមហាអំណាចទីមួយ នៅលើពិភពលោក។ នៅពេលខាងមុខកម្លាំងទាហានអាមេរិក មានរហូតដល់ ទៅ ១.០១៨.០០០នាក់ ក្រោយការជ្រើសរើសបន្ថែម។
សកម្មភាពខាងលើរបស់អាមេរិក នឹងធ្វើឲ្យប្រទេសដទៃទៀត ដូចជារុស្ស៊ីនិងចិនចំាបាច់ត្រូវតែបង្កើនសម្ថភាពយោធាផងដែរ ប្រសិនបើចង់ដើរឲ្យទាន់អាមេរិក ឬនាំមុខអាមេរិកនោះ។ ចំណុចទាំងនោះអាចនាំឲ្យមានការប្រគួតប្រជេងអាវុធនៅលើពិភពលោក ។
កន្លងមកថ្មី ប្រធានាធិបតីថ្មីរបស់អាមេរិក លោកដូណាល់ ត្រាំ មិនបានលាក់បាំងពីមហិច្ឆតាពង្រឹងសព្វាវុធនុយក្លេអ៊ែរ។ នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters លោកដូណាល់ ត្រាំ បានអះអាងថា លោកចង់ឲ្យអាមេរិកនាំមុខគេ ក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរ។
ដើម្បី អាចនាំមុខគេ ក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរ អាមេរិកត្រូវតែដុសខាត់វិស័យសព្វាវុធនុយក្លែអ៊េរ។ នេះបើតាមប្រធានាធិបតីថ្មីរបស់អាមេរិកដែលបានផ្តល់បទសម្ភាសន៍ ផ្តាច់មុខ ទៅឲ្យទីភ្នាក់ងារព័ត៌មានReuters កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ សម្រាប់លោកដូណាល់ ត្រាំ អាមេរិកបានដើរយឺតយ៉ាវ ក្នុងការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។
“គ្មានអ្នកណាម្នាក់ ជាពិសេសខ្ញុំដំបូងគេ ចង់ឲ្យគេមានអាវុធនុយក្លេអ៊ែរនោះទេ។ វាជាក្តីសុបិន្តដ៏គួរចង់បាន ដែលគ្មានប្រទេសណាមួយ មាននុយក្លេអ៊ែរ។ ប៉ុន្តែ បើមានប្រទេស ដែលបំពាក់អាវុធនុយក្លេអ៊ែរ នោះអាមេរិកមិនត្រូវស្ថិតនៅក្រោយគេនោះទេ នោះបើទោះបីជាប្រទេសនោះជាមិត្តរបស់អាមេរិកក៏ដោយ។ អាមេរិកត្រូវតែស្ថិតនៅចំណុចកំពូល នាំមុខគេ។” នេះជាប្រសាសន៍របស់លោកដូណាល់ ត្រាំ។
ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នេះជាលើកទី ១ដែលលោកដូណាល់ ត្រាំ លើកនិយាយពីសព្វាវុធនុយក្លេអ៊ែរ។ កាលពីចុងខែធ្នូ នៅពេលលោកមិនទាន់ស្បថចូលកាន់តំណែង លោកធ្លាប់បានសរសេរសារ Twitter ម្តង បំផុសឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ។
នៅក្នុងបទសម្ភាសន៍ លោកដូណាល់ ត្រាំបានរិះគន់ម្តងទៀត សន្ធិសញ្ញា New Startដែលអាមេរិកបានចុះជាមួយរុស្ស៊ី នៅឆ្នាំ ២០១០ និងដែលចែងថា ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរត្រូវរក្សាឲ្យថេរ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលខ្លួនមាន ក្នុងរយៈពេល១០ឆ្នាំ។ លោកដូណាល់ ត្រាំបានវាយតម្លៃថា សន្ធិសញ្ញា New Startជាកិច្ចព្រមព្រៀងដ៏អាក្រក់មួយទៀត ដែលបន្សល់ដោយរដ្ឋបាលមុន ព្រោះវាបានផ្តល់ប្រយោជន៍ច្រើនទៅឲ្យរុស្ស៊ី។
តាមក្រុមប្រឆាំងនុយក្លេអ៊ែរ រុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៧៣០០គ្រាប់ ក្នុងពេលដែលអាមេរិកមានតិចជាង គឺប្រមាណ ៦៩៧០គ្រាប់។ អ្នកជំនាញកំពុងចោទសួរថា តើលោកដូណាល់ ត្រាំ ដែលរិះគន់សន្ធិសញ្ញា New Start កំពុងចង់រកលេសលុបចោលសន្ធិសញ្ញា និងចាប់ផ្តើមពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកឡើងវិញដែរ ឬយ៉ាងណា?