![]() |
MENU
|

រាជធានីភ្នំពេញ៖ កម្លាំងល្បាតគណៈបញ្ជាការឯកភាពសង្កាត់ទន្លេបាសាក់ សហការជាមួយប៉ុស្ដិ៍នគរបាលមូលដ្ឋាន បានល្បាតក្នុងភូមិសាស្ត្រ ប្រទះឃើញជនសង្ស័យ៥នាក់ កំពុងប្រមូលផ្ដុំគ្នា ក៏ធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួន ជាមួយម្សៅក្រាមពណ៌សថ្លា ចំនួន៣០កញ្ចប់តូច។ ហេតុការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង១១ៈ១០នាទី យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ១០GA ផ្លូវសុធារស ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចអះអាងឲ្យដឹងថា នៅវេលាម៉ោង១១ៈ១០នាទី យប់ថ្ងៃទី២១ ខែមីនានេះ កម្លាំងល្បាតគណៈបញ្ជាការឯកភាពសង្កាត់ទន្លេបាសាក់ ដឹកនាំដោយលោក ខាត់ ណារិន្ធ ចៅសង្កាត់ និងលោក សុល សំអុត នាយប៉ុស្តិ៍ បានល្បាតក្នុងភូមិសាស្ត្រ។ លុះមកដល់ចំណុចផ្ទះខាងលើ ក៏ប្រទះឃើញជនសង្ស័យប្រមូលផ្ដុំគ្នា ទើបធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនមនុស្ស ចំនួន៥នាក់ (ប្រុស៣នាក់ ស្រី២នាក់) និងដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន៣០កញ្ចប់តូច។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៥នាក់ មានទី១ឈ្មោះ សោម វីរៈ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវសុធារស ភូមិ១ សង្កាត់ទន្លេបាសាក់។ ទី២ឈ្មោះ លឹម ស៊ីណា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី៣ឈ្មោះ ម៉ុក រស្មីពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី៤ឈ្មោះ ម៉ុច សុធារិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូងពេញ។ និងជនសង្ស័យទី៥ឈ្មោះ វុធ វណ្ណារី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមើលហ្គេមឲ្យគេ បច្ចុប្បន្នស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូងពេញ។ វត្ថុតាងដែលសមត្ថកិច្ចដកហូត រួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន៣០កញ្ចប់តូច ទូហ្គេមបាញ់ត្រី១គ្រឿង លុយ១០០ដុល្លារ និង៥៨០០០០រៀល។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់និងវត្ថុតាង ត្រូបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីធ្វើការសួរនាំបន្ថែមនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


