ខេត្តព្រៃវែង៖ បុរសជនជាតិវៀតណាមម្នាក់ រួមជាមួយថ្នាំប្រភេទគ្រាប់៩៩៩គ្រាប់ និងថ្នាំញៀនប្រភេទម្សៅប្រមាណ៥គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយចក្រីបង្រ្កាបបាន នៅច្រកទ្វារបន្ទាយចក្រី ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។
សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ង្វៀង វាំងភុក អាយុ២១ឆ្នាំ ជាជនជាតិវៀតណាម មុខរបរបើកបររថយន្តឈ្នួល ពីបន្ទាយចក្រី ទៅភ្នំពេញមានទីលំនៅ ភូមិធី ឃុំថុងប៊ិន ស្រុកតាំហុង ខេត្តដុងថាប់ ប្រទេសវៀតណាម។ ជនរូបនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍ខេត្ត សហការជាមួយកម្លាំងច្រកទ្វារអន្តរជាតិបន្ទាយចក្រី ចាប់ខ្លួនបានកាលពីវេលាល្ងាចថ្ងៃទី២៥ ឧសភា ២០១៧ ។
ស្នងការនគរបាលខេត្តព្រៃវែងលោកឧត្តមសេនីយ៍ទោ ស្រេង ជា អោយដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនខណះរូបគេប៉ុនប៉ងយកថ្នាំញៀនខាងលើចូលមកចែកចាយនៅកម្ពុជាតាមច្រកអន្តរជាតិបន្ទាយចក្រី ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។
យ៉ាងណាមិញបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅនៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត រងចាំបន្តនីតិវិធីទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕