MENU
|
រាជធានីភ្នំពេញ៖ ក្មេងស្រីអាយុ៧ខែម្នាក់បានស្លាប់បាត់បង់ជីវិត និងម្តាយឪពុកត្រូវរងរបួសធ្ងន់បញ្ចូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍ផ្ទុះកំប៉ុងហ្គាសមួយបាន កើតឡើងនៅចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៨ និង០០នាទីព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ ។
ជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ ដុស ចាន់ឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលាងម៉ូតូ និងបញ្ចូលហ្គាសនៅ ផ្ទះ ទី២មានឈ្មោះចាន់ ឌីនីកា ភេទស្រី អាយុ៧ខែ ( ស្លាប់ ) ទី៣ឈ្មោះស៊ុន សុម៉ាលីស ភេទស្រី អាយុ២៤ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់ ត្រូវជាម្តាយឪពុកកូនបង្កើតនឹងគ្នាស្នាក់នៅចំណុចកើតហេតុខាងលើ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា នៅមុនពេលកើតហេតុបុរសជាប្តីកំពុងអង្គុយបញ្ចូលកំប៉ុងហ្គាសពីធុងហ្គាសធំចូលមកកំប៉ុងតូចៗខណះដែលស្ត្រីជាប្រពន្ធកំពុងងូតទឹត ដោយឡែកកូនស្រីកំពុងលង់លក់ក្នុងដំណេកលើអង្រឹងតែម្នាក់ឯង។ ប្រភពបន្តថា ពេលកំពុងបញ្ចូលហ្គាសនោះទុយោបញ្ចូលស្រាប់តែដាច់បង្កអោយមានជាផ្សែងហ្គាសហុយឈួលឡើងក៏ធ្វើកំប៉ុងតូចកំពុងបញ្ចូលត្រូវផ្ទុះបង្កអោយមានជាអណ្តាតភ្លើង ឆាបឆេះរោលរាលខ្លួនប្រាណបុរសជាប្តីនិងទ្រព្យសម្បត្តិមួយចំនួននៅក្នុងផ្ទះនោះ។ ភ្លាមនោះបុរសជាប្តីបាន រត់ចេញមកខាងក្រៅដើម្បីយកទឹកផ្ទះប្រជាពលរដ្ឋជិតខាងទៅជះ ពន្លត់អណ្តាតភ្លើងទាំងខ្លួនត្រូវភ្លើងរោលរាលរបួសពេញខ្លួន ។
បើទោះជាយ៉ាងណាក្មេងស្រីរងគ្រោះដែលកំពុងលង់លក់ក្នុងដំណេកលើអង្រឹងនៅក្នុងផ្ទះត្រូវបានអណ្តាតភ្លើងឆាបឆេះរោលរាលពាសពេញខ្លួនប្រាណខ្លោចមើលលែងស្គាល់ហើយត្រូវបានស្លាប់ពេលបញ្ចូនទៅសង្គ្រោះដល់មន្ទីរពេទ្យកុមារជាតិ ។ ដោយឡែកស្ត្រីជាប្រពន្ធពេលចេញពីបន្ទប់ទឹកមកត្រូវ អណ្តាតភ្លើងឆាបឆេះរលាកពេញខ្លួនប្រាណត្រូវរងរបួសធ្ងន់ធ្ងរផងដែរព្រោះពេលនោះអណ្តាតភ្លើងបានឆាបឆេះខ្លាំងពិបាកសម្រាប់អ្នកនៅក្នុងផ្ទះរត់ចេញមកខាងក្រៅ ។
ប្រភពព័ត៌មានបន្តថា បន្ទាប់ពីប្រជាពលរដ្ឋក៏ដូចជាកម្លាំងអាជ្ញាធរមូលដ្ឋានព្យាយាមពន្លត់អណ្តាតភ្លើងអោយរលត់ទៅវិញ ១០០ភាគរយហើយនោះជនរងគ្រោះទាំង៣នាក់ម្តាយឪពុកកូនត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែក្មេងស្រីជាកូន ត្រូវស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យដោយឡែកបុរសស្ត្រីជាឪពុកនិងម្តាយត្រូវស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសៈមៈ ហៅមន្ទីរពេទ្យលោកសង្ឈ ។
ក្រោយពេលកើតហេតុកម្លាំងអាជ្ញាធរនិងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុនិងបានហុំព័ទ្ធខ្សែរនៅកន្លែងកើតហេតុដើម្បីរងចាំនគរបាលជំនាញចុះមកធ្វើកោសល្យវិច្ច័យរុករកមូលហេតុច្បាស់លាស់នៃ ការឆាបឆេះបណ្តាលអោយមានមនុស្សរងរបួសនិងស្លាប់ខាងលើនេះ ។
សូមបញ្ជាក់ថា អ្វីដែលគួរអោយអាណោចអាធ័មបំផុតនោះ សម្រាប់ករណីខាងលើនេះគឺ ក្មេងស្រីអាយុទើប៧ខែដែលមិនទាន់ដឹងក្តីអ្វីទាំងអស់ត្រូវបានស្លាប់បាត់បង់ជីវិតក្នុងភ្លក់ភ្លើង គួរអោយសង្វែគក្រោយពេលបញ្ចូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។
ដោយឡែកឪពុកម្តាយត្រូវរងរបួសធ្ងន់ធ្ងរស្ថិតតក្នុងដំណាក់កាលសង្គ្រោះ នៅឯមន្ទីរពេទ្យទាំងមិនដឹងថា ខ្លួនកំពុងត្រូវបានបាត់បង់កូនស្រីដ៏គួរអោយស្រលាញ់ពិសេសទ្រព្យសម្បត្តិរកស៊ីចិញ្ចឹមជីវិតរាល់ថ្ងៃត្រូវភ្លើងឆេះហ្មត់ខ្ទេចខ្ជីស្ទើរតែ ១០០ភាគរយ ។ យ៉ាងណាមិញបច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវ បញ្ចូនពីមន្ទីរពេទ្យមកតម្គល់ទុកធ្វើបុណ្យនៅវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ។
គួរបញ្ជាក់ថា ករណីខាងលើនេះគឺជាសញ្ញាមួយក្រើនរំលឹកដល់ម្ចាស់អាជីវកម្មរកស៊ីបញ្ចូលហ្គាសទូទៅទាំងអស់ធ្វើយ៉ាងណាត្រូវមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ជៀសវៀងកើតមានឧប្បត្តិហេតុកើតឡើងបណ្តាលអោយរងរបួសប៉ះពាល់ដល់ខ្លួនប្រាណនិងអាយុជីវិតធ្ងន់ធ្ងរជាក់ស្តែងដូចករណីខាងលើនេះតែម្តង ៕