ខេត្តបាត់ដំបង៖ សមត្ថកិច្ចបាននិយាយថាភ្លៀងផ្គរនិងខ្យល់កន្ទ្រាក់២ថ្ងៃជាប់គ្នាបង្កឡើងនូវរន្ទះបាញ់បណ្តាលអោយមនុស្សស្រី២នាក់ស្លាប់ក្នុងស្រុកកំរៀងនិងស្រុកភ្នំព្រឹកក្នុងខេត្តបាត់ដំបងតំបន់ក្បែរព្រំដែនកម្ពុជាថៃតែអាជ្ញាធរបានត្រឹមតែអំពាវនាវឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ពេលមេឃភ្លៀងផ្គរ។
សមត្ថកិច្ចអាវុធហត្ថមូលដ្ឋានស្រុកកំរៀងបានអោយដឹងថា ករណីលើកទី១កើតឡើងនៅវេលាម៉ោង៤និង០០នាទីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ត្រង់ចំណុចភូមិផ្លូវ៦ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលអោយស្លាប់ស្ត្រីម្នាក់ដោយសារកាន់រនាស់ដែកដើរកណ្តាលវាលពេលមេឃកំពុងភ្លៀងខ្លាំង។ ជនរងគ្រោះឈ្មោះយិន យឿន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិកររស់នៅទីតាំងកើតហេតុខាងលើស្នាក់នៅបណ្តោះដើម្បីធ្វើចំការ។
រីឯករណីចុងក្រោយកើតឡើងនៅវេលាម៉ោង៣.២០នាទីរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០១៧នៅត្រង់ចំណុចភូមិស្នួល ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក,ខេត្តបាត់ដំបងបណ្តាលអោយស្លាប់ស្ត្រីម្នាក់ទៀតជនរងគ្រោះមានឈ្មោះធុយ សុខ អាយុ២៨ឆ្នាំ មុខរបរជាកម្មករធ្វើចំការ រស់នៅភូមិ ឃុំកើតហេតុខាងលើដោយសារជនរងគ្រោះនៅដាំដំឡូងនៅទីវាលក្រោយផ្ទះពេលមេឃកំពុងតែភ្លៀងនិងខ្យល់ខ្លាំងបណ្តាលអោយរន្ទះបាញ់ត្រូវតែម្ដង។
សមត្ថកិច្ចអាវុធហត្ថមូលដ្ឋានបានក្រើនរម្លឹកដល់បណ្តាប្រជាពលរដ្ឋទាំងអស់អោយមានការប្រុងប្រយត្ន័ពិសេសពេលមេឃភ្លៀង គប្បីរកទីកន្លែងមានសុវត្ថិភាព ក្រៅពីនេះមិនត្រូវកាន់ដែកឬសារធាតុដែលងាយនិងចម្លងចរន្តដើរពេលមេឃកំពុងភ្លៀង៕