MENU
|
ខេត្តសៀមរាប៖ ជាថ្មីម្តងទៀតបាតុភូតរន្ទះបាញ់បានបាញ់ប្រហារបុរសម្នាក់និងសត្វគោមួយក្បាលបណ្តាលអោយស្លាប់ និងក្មេងស្រីម្នាក់ត្រូវរងរបួសធ្ងន់កាលពីវេលាម៉ោង១៧ និង ៣០នាទីរសៀលថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៧ នៅចំណុចមុខវត្តដំរីសែនជ័យ ក្នុងភូមិនគរក្រៅសង្កាត់គោកចក ក្រុងសៀមរាប ។
ជនរងគ្រោះទាំង២នាក់បានឈ្មោះ វ៉ង អ៊ុំ ( ស្លាប់ ) ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ។ទី២ឈ្មោះអ៊ុំ សៀង ( រងរបួសធ្ងន់ ) ភេទស្រីអាយុ ១៣ឆ្នាំ សន្លប់កំពុងសំរាកនៅពេទ្យកុមារពេលនេះនាងបានដឹងខ្លួនហើយ ។
ប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ ជនរងគ្រោះបានដើរដឹកគោមកពីស្រែមកដល់ចំណុចមុខផ្ទះ ស្របពេលមេឃភ្លៀងរលឹមស្រិចៗផងនោះក៏ស្រាប់តែមានបាតុភូតរន្ទះបាញ់ បាញ់ចំជនរងគ្រោះ និងសត្វគោបណ្តាលអោយស្លាប់ ចំណែកកូនស្រីឈ្មោះ អ៊ុំ សៀង ឈរនៅ ក្នុងផ្ទះចំងាយ៨ម៉ែត្រពី ឈ្មោះ វ៉ង អ៊ុំ ក៏រងគ្រោះថ្នាក់បណ្តាលអោយសន្លប់ផងដែរ ។
ក្រុមគ្រួសារបានព្យាយាមដឹកជនរគ្រោះទាំង២នាក់ យកទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះ តែជនរងគ្រោះម្នាក់ ឈ្មោះ វ៉ង អ៊ុំ បានស្លាប់ពេលទៅដល់មន្ទីពេទ្យបង្អែកខេត្តសៀមរាប ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកត្រឡប់យកមកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា ប៉ុន្មានមួយរយះក្រោយមកនេះ មនុស្សមួយចំនួនដែលរស់នៅតាមបណ្តាភូមិស្រុកផ្សេងៗក្នុងខេត្តជាច្រើននៅក្នុងប្រទេសត្រូវបានស្លាប់ជាបន្តបន្ទាប់ដោយសារបាតុភូតរន្ទះបាញ់ដោយឡែកលំនៅឋាន ពលរដ្ឋជាច្រើនរយខ្នងផ្ទះផងដែរ ក៏ត្រូវភ្លៀងលាយលំជាមួយខ្យល់កន្ត្រាក់បោកបក់រលំបណ្តាលអោយខូចខាតទាំងលំនៅឋាននិងទ្រព្យសម្បត្តិយ៉ាងខ្លាំងខ្លាផងដែរ ៕ លីហេង