រាជធានីភ្នំពេញ៖ ចៅក្រមសាលាឧទ្ធរណ៍លោក ចាយ ច័ន្ទតារាវណ្ណ នៅព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០១៧ បានសម្រេចប្រកាសសាដីកាបន្ថយទោសជនជាប់ចោទឈ្មោះ កែវ សុវណ្ណារិទ្ធ ដាក់ពន្ធនាគារ២ឆ្នាំវិញដែលតុលាការពីមុនសម្រេចផ្តន្ទាទោសពី៨ឆ្នាំ។
ជនជាប់ចោទជាអតីតនគរបាលពាក់ស័កិ្ត ១ ដែលបានបាញ់សម្លាប់ មេភូមិ៤ ឈ្មោះ ជុប ឡាយ អាយុ ៦២ ឆ្នាំកូនប្រុសគាត់ឈ្មោះ ប៊ុន លឿន អាយុ ១៨ ឆ្នាំ និងក្មួយរបស់គាត់ឈ្មោះ ប៊ុន ឫទ្ធី អាយុ ៣០ ឆ្នាំ ប្រព្រឹត្តនៅចំណុចផ្ទះលេខ ២២C ផ្លូវលេខ ៣៥៨ ភូមិ ៤ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៥ ។
ជនជាប់ចោទឈ្មោះ កែវ សុវណ្ណារិទ្ធ អាយុ ២៦ ឆ្នាំ នគរបាលពាក់ស័កិ្ត ១ បាននិយាននៅក្នុងបន្ទប់សវនាការប្រាប់ចៅក្រមថាគាត់ត្រូវបានជនរងគ្រោះពឹងឲ្យដើរទារលុយនៅតាមផ្ទះពីជនជាតិចិនព្រោះខ្លួនចេះភាសាចិនបាន ២៥ ដុល្លារឲ្យជនរងគ្រោះ ប៉ុន្តែជនរងគ្រោះចោទថាគាត់កិបកេងលុយ។ ពេលនោះជនរងគ្រោះកូនប្រុស និងចៅរបស់ជនរងគ្រោះបានយកដាវសាម៉ូរ៉ៃកាប់ត្រូវក្បាលដៃចង្កេះចំនួន ៥ កន្លែងរបួសធ្ងន់ហើយគាត់ក៏បាញ់ការពារខ្លួនទៅ។
គួររំលឹកថាលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០១៦បានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ ពីបទ ឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ សាលក្រមក៏បានសម្រេចដកហូតកាំភ្លើងម៉ាកបេរ៉ូតាពណ៌ខ្មៅលាយទឹកប្រាក់ទុកជាសម្បត្តិរដ្ឋ ប៉ុន្តែប្រគល់ប័ណ្ណសម្គាល់ខ្លួនមន្ត្រីប៉ូលិសឈ្មោះ កែវ សុវណ្ណារិទ្ធ និងប័ណ្ណអាវុធទៅឲ្យជនជាប់ចោទវិញ។