MENU
|
រាជធានីភ្នំពេញ៖ ចៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី១០ខែមិនាឆ្នាំ២០១៧ បានបើកសវនាការជំនុំជម្រះជនជាប់ចោទជាអតីតនគរបាលពាក់ស័កិ្ត ១ ម្នាក់ដែលបានបាញ់សម្លាប់ មេភូមិ ៤ ឈ្មោះ ជុប ឡាយ អាយុ ៦២ ឆ្នាំកូនប្រុសគាត់ឈ្មោះ ប៊ុន លឿន អាយុ ១៨ ឆ្នាំ និងក្មួយរបស់គាត់ឈ្មោះ ប៊ុន ឫទ្ធី អាយុ ៣០ ឆ្នាំ ប្រព្រឹត្តនៅចំណុចផ្ទះលេខ ២២C ផ្លូវលេខ ៣៥៨ ភូមិ ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៥ ។
ជនជាប់ចោទឈ្មោះ កែវ សុវណ្ណារិទ្ធ ភេទប្រុសអាយុ ២៦ ឆ្នាំ នគរបាលពាក់ស័កិ្ត១ បាននិយាននៅក្នុងបន្ទប់សវនាការប្រាប់ចៅក្រមថាគាត់ត្រូវបានជនរងគ្រោះពឹងឲ្យដើរទារលុយនៅតាមផ្ទះពីជនជាតិចិនព្រោះខ្លួនចេះភាសាចិនបាន២៥ដុល្លារឲ្យជនរងគ្រោះ ប៉ុន្តែជនរងគ្រោះចោទថាគាត់កិបកេងលុយ។ ពេលនោះជនរងគ្រោះកូនប្រុស និងចៅរបស់ជនរងគ្រោះបានយកដាវសាម៉ូរ៉ៃកាប់ត្រូវក្បាលដៃចង្កេះចំនួន៥ កន្លែងរបួសធ្ងន់ហើយគាត់ក៏បាញ់ការពារខ្លួនទៅ។
លោកព្រះរាជអាជ្ញា ង៉ែត សារ៉ាត តំណាងមហាអយ្យការសន្និដ្ឋានថារឿងនេះទោះជាជនរងគ្រោះបង្កហេតុមុនក្តី តែគាត់ប្រើកាំបិត បើប្រៀបធៀបនឹងកាំភ្លើងវាមិនតុល្យភាពគ្នាទេ។លោកថ្លែងថា រឿងនេះតំណាងមហាអយ្យការមិនអាចវិនិច្ឆ័យថាយ៉ាងម៉េចទេដោយទុកឲ្យក្រុមប្រឹក្សាជំនុំជម្រះសម្រេចតាមច្បាប់។ទោះជាយ៉ាងណា លោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចប្រកាសសាលដីកានៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
គួររំលឹកថាលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០១៦បានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១០ ឆ្នាំ ពីបទ ឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។សាលក្រមក៏បានសម្រេចដកហូតកាំភ្លើងម៉ាកបេរ៉ូតាពណ៌ខ្មៅលាយទឹកប្រាក់ទុកជាសម្បត្តិរដ្ឋ ប៉ុន្តែប្រគល់ប័ណ្ណសម្គាល់ខ្លួនមន្ត្រីប៉ូលិសឈ្មោះ កែវ សុវណ្ណារិទ្ធ និងប័ណ្ណអាវុធទៅឲ្យជនជាប់ចោទវិញ។