រាជធានីភ្នំពេញ៖ លោក John Mcglynn គ្រូបង្វឹកក្រុមបឹងកេតអង្គរ ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ក្រុមរបស់នឹងខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីឈក៣ពិន្ទុ ដូច្នេះ លោកសុំអ្នកគាំទ្រមកលើកទឹកចិត្តផ្ទាលនៅទីលានប្រកួតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិច ល្ងាចនេះនាម៉ោង៦។
មុនក្រុមបឹងកេតអង្គរ ប៉ះក្រុមភ្ញៀវ Magwe នាវេលាម៉ោង ៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិល្ងាចនេះ លោក John Mcglynn បានអះអាងថា សម្រាប់ការប្រកួតបញ្ចប់ជើងទី១ នេះ ក្រុមរបស់លោកត្រូវតែ យក៣ពិន្ទុឱ្យបាន ព្រោះវាជាការប្រកួតដ៏សំខាន់ក្នុងទឹកដី ដែលបឹងកេតអង្គរ ត្រូវការឈ្នះ ។
ប៉ុន្តែ៥ប្រកួតចុងក្រោយរបស់ក្រុមបឹងកេតអង្គរ ត្រូវបានបណ្តាញសារព័ត៌មានជាច្រើនចុះផ្សាយថា ក្រុមរបស់លោក John Mcglynn មិនថាក្នុងយុទ្ធនាការប្រកួតវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2017 នោះទេ សូម្បីលទ្ធផលប្រកួតបើកឆាកលីគកំពូលកម្ពុជា នាដើមរដូវកាលថ្មីនេះ ក៏បឹងកេតអង្គរទទួលបានមិនសូវល្អដែរ ដែលធ្វើឲ្យកើតមានសំណួរជាច្រើនពីអ្នកគាំទ្រ ចំពោះក្រុមមានមូលដ្ឋានមកពីខេត្តកំពង់ចាមមួយនេះ តើភាពខ្លាំងរបស់ក្រុមបឹងកេតពីមុនបាត់ទៅណា?។
សូមរំលឹកផងដែរថា ៥ប្រកួតចុងក្រោយរបស់បឹងកេត រួមមានពាន AFC Cup 2017 ចាញ់ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ ក្រៅដី មុនចាញ់ក្រុមហ្វីលីពីន Global FC ដោយលទ្ធផល ២-០ ក្នុងទឹកដី ។ ចំណែកលីគកំពូលកម្ពុជា ប្រកួតដំបូងស្មើក្រុមព្រះខ័នរាជស្វាយរៀង ២-២, ប្រកួតទី២ ចាញ់ក្រុមក្រសួងការពារជាតិ ៣-០, ប្រកួតទី៣ ឈ្នះក្រុម Cambodian Tiger ៣-១ និងប្រកួតចុងក្រោយស្មើក្រុមវេស្ទើនភ្នំពេញ ៣-៣ ៕ដោយ បូរិន