MENU
ឈ្មួញឈើឈ្មោះជៀប តឿងនិងបក្ខពួកជាង២០នាក់ កាប់ឈើប្រណិត២៣ដើមក្នុងព្រៃសហគមន៍ត្រូវតំណាងអយ្យការចោទប្រកាន់ បឋមបញ្ជូនសំណុំរឿងទៅចៅក្រម
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៩ មីនា ២០១៧, ១៦:៤២ | ៤៥៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីមានពាក្យរិះគន់ជាបន្តបន្ទាប់ពីប្រជាពលរដ្ឋនៅស្រុកកំពង់លែង ទាក់ទងនឹងជនសង្ស័យ ឈ្មោះជៀប តឿង ឈ្មួញរកស៊ីកាប់បំផ្លាញ ឈើប្រណិតក្នុងស្រុក កំពង់ លែងរួចមក នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ ត្រូវបានតុលាការចោទប្រកាន់។

លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា រងអម សាលាដំបូងខេត្តកំពង់ឆ្នាំងជាអ្នកកាន់សំណុំរឿងបានបញ្ជាក់ថា លោកបានធ្វើការចោទប្រកាន់ជាផ្លូវការរួចហើយទៅលើជនត្រូវចោទឈ្មោះ ជៀប តឿង និងអ្នកផ្សំគំនិតមួយចំនួនទៀត ទាក់ទងនឹងបទល្មើសលួចកាប់ឈើធ្នង់ចំនួន២៣ដើម នៅក្នុងសហគមន៍ពោធិជ្រកជម្រករិទ្ធិសែនក្នុងពេលបុណ្យភ្ជុំកាន់បិណ្ឌ អំឡុងខែ១០ ឆ្នាំ២០១៦ កន្លងមក ។

លោក ឡុង ស៊ីថា បានបន្តថាចំពោះសំណុំរឿងនេះ លោកបានចោទបឋមរួចហើយ និងបានបញ្ជូនអោយចៅក្រមចំនួន២នាក់ ដើម្បីបើកការស៊ើបសួរបន្ត។ សំណុំរឿងទី១គឺសំណុំរឿងលេខ៥៣១ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ចោទប្រកាន់ឈ្មោះ ជៀប តឿង និងបក្សពួកចំនួន១៤នាក់ផ្សេងទៀតពីបទ « ប្រមូលផល អនុផលព្រៃឈើ និងធ្វើសន្និធិផល អនុផលព្រៃឈើលើសពីច្បាប់អនុញាតិ » ដែលសំណុំរឿងនេះកំពុងដំណើរការនីតិវិធីស៊ើបសួរនៅលើលោកចៅក្រម សុង ប៊ុណ្ណារិទ្ធ។

ដោយឡែកសំណុំរឿងលេខ៥៣២ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់ឈ្មោះ ជៀប តឿង និងបក្សពួកចំនួន៨នាក់ផ្សេងទៀតពីបទ« ផ្សំគំនិតប្រមូលផល អនុផលព្រៃឈើ និងធ្វើសន្និធិផល អនុផលព្រៃឈើលើសពីច្បាប់អនុញាតិ» ដែលសំណុំរឿងនេះកំពុងដំណើរការនីតិវិធីស៊ើបសួរនៅលោកចៅក្រម សុខ ឧត្តម។

លោក ឡុង ស៊ីថា បានបញ្ជាក់ថា លោកបានចោទប្រកាន់តាមមាត្រាទី៩៦ និង៩៨ ច្បាប់ស្តីពីព្រៃឈើគឺជនសង្ស័យ និងជនផ្សំគំនិត ត្រូវបង់ប្រាក់ពិន័យតាមច្បាប់កំណត់ ពី១០លានដល់១០០លានរៀល និងផ្តន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ វត្ថុតាងទាំងអស់ត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ។

លោក ធូ សាវិន អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ រឿងក្តីនេះត្រូវបន្តនីតិវិធីស៊ើបសួរយូរបន្តិច ព្រោះមានអ្នកជាប់ពាក់ព័ន្ធច្រើននៅក្នុងរឿងក្តីមួយនេះ គឺមានមេភូមិ មេឃុំ និងសហគមន៍ពោធិជ្រកជម្រកឬទ្ធិសែនផងដែរ។ ក្រោយពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានធ្វើការចោទប្រកាន់បឋមរួចហើយ លោកបានបញ្ជូនសំណុំរឿងនេះទៅអោយចៅក្រមចំនួន២នាក់ដើម្បីស៊ើបសួរបន្ត និងក្រោយពីស៊ើបសួរចប់សព្វគ្រប់ ត្រូវបង្វិលសំណុំរឿងនេះទៅលោកព្រះរាជអាជ្ញា និងចៅក្រមធ្វើការចោទ និងសន្និដ្ឋានស្ថាពរ។

សូមបញ្ជាក់ថានៅអំឡុងបុណ្យកាន់បិណ្ឌឆ្នាំ២០១៦កន្លងមក ជនសង្ស័យឈ្មោះ ជៀប តឿង និងបក្ខពួក បានលួចចូលទៅកាប់យកឈើធ្នងធំៗ ដែលជាឈើប្រណិតអស់ចំនួន២៣ដើម នៅក្នុងសហគមន៍ពោធិជ្រកជម្រកឬទ្ធិសែន ស្ថិតក្នុងឃុំដារ ស្រុកកំពង់លែង ដោយមិនមានអ្នកណាដឹងឡើយ។ ក្រោយពីទូរទស្សន៍និងកាសែត ក្នុងស្រុកបានផ្សាយរឿងនេះ ទើបខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងចុះស្រាវជ្រាវរកជនសង្ស័យ និងបានកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក៏បានមានប្រតិកម្មចំពោះអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងសហគមន៍នៅតំបន់នោះផងដែរ  ។

ដោយឯកឧត្តបានលើកឡើងនៅក្នុងអង្គប្រជុំធំមួយក្នុងខេត្តថា បទល្មើសកាប់ដើមឈើធ្នង់ប្រណិតដល់ទៅ២៣ដើម ដោយរណាយន្តនៅក្នុងព្រៃសហគមន៍ ឮរំពងព្រៃ រឿងអីអាជ្ញាធរ សមត្ថកិច្ច និងសហគមន៍មូលដ្ឋាននៅក្បែរនោះបែរជាមិនដឹងទៅវិញ។

មន្រ្តីខេត្តកំពង់ឆ្នាំងបាននិយាយថារឿងនេះសមត្ថកិច្ចជំនាញ ត្រូវតែស្រាវជ្រាវរកជនល្មើស និងបក្ខពួកឃុបឃិតទាំងអស់អោយឃើញ  ហើយត្រូវបញ្ជូនសំណុំរឿងអោយតុលាការចាត់ការតាមផ្លូវច្បាប់មិនត្រូវអត់ឱនយោគយល់ឡើយ ដើម្បីកុំអោយអ្នកក្រោយៗយគំរូដ៏អាក្រក់នេះតាម៕                                                               

Tags:
  • ឈ្មួញឈើ
  • បក្ខពួក
  • ឈើប្រណិត
  • សំណុំរឿង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥