រាជធានីភ្នំពេញ៖ ចៅក្រមបានលើកពេលសវនាការជំនុំជម្រះលោកហុងសុខហួរនៅសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះត្រូវបានចៅក្រមសម្រេចលើកពេលសវនាការរឿងក្ដីលោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដោយសារអវត្តមានមេធាវីការពារក្ដី ។
មន្ត្រីសាលាឧទ្ធរណ៍ បញ្ជាក់ថា សាលាឧទ្ធរណ៍ពុំអាចដំណើរការសួរដេញដោលបានទេ ព្រោះអត់មានមេធាវី ។ មន្ត្រីដដែល ថ្លែងថា បទល្មើសឧក្រិដ្ឋ ត្រូវតែមានវត្តមានមេធាវីដាច់ខាត ទើបសវនាការអាចដំណើរការបាន ។
លោកហែម សុជាតិ មេធាវីមួយរូបការពារក្ដីលោកហុង សុខហួរ ថ្លែងថា ក្រុមមេធាវីបានដាក់ពាក្យសុំពន្យារពេលសវនាការនេះ ដោយសារមេធាវីពីររូបមានធុរៈ មិនអាចចូលរួមសវនាការ បាន ។ជាការកត់សម្គាល់ សវនាការនេះ ពុំអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលផ្តិតរូបភាពនោះទេ ពោលគឺក្រុមអ្នកសារព័ត៌មាន អាចត្រឹមឈរក្បែររបងសាលាឧទ្ធរណ៍ ប៉ុណ្ណោះ ។
លោកហុងសុខហួរត្រូវបានតុលាការក្រុងភ្នំពេញបានផ្តន្ទាទោសដាក់ពន្ទនាគារ៥ឆ្នាំករណីបង្ហោះផែនទីក្លែងក្លាយតាមហ្វេសប៊ុករបស់លោកសមរង្ស៊ី។កាលពីខែមីនាជនជាប់អតីតសមាជិកព្រឹទ្ធសភារូបនេះបានសុំលាឈប់ពីគណបក្សសមរង្ស៊ីបន្ទាប់ពីជាប់ពន្ធនាគារ។