MENU
|
ប្រទេសថៃ ៖ អាកាសយានិកម្នាក់ ដែលជាជនជាតិថៃ បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅកណ្តាលព្រៃនៃចំការកៅស៊ូ បន្ទាប់ពីបានខ្ទាតចេញពីយន្តហោះចំបាំងមួយគ្រឿងដែលកំពុងធ្វើការហោះហើរ ដោយរហូតមកទល់នឹងពេលនេះនៅមិនទាន់ដឹងអំពីមូលហេតុនៃការធ្លាក់នេះនៅឡើយទេ ។
បើតាមការផ្សាយរបស់កាសែតដឹលីវ ដែលជាកាសែតក្នុងស្រុកបានអោយដឹងថានៅវេលាម៉ោង១០ និង៣០ នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចខាងជើងភូមិចំរើនសុខ ក្នុងតំបន់ណាឌិនដាំ ស្ថិតក្នុងស្រុកមឿង ខេត្តអ៊ុដនថានីប្រទេសថៃ មានហេតុការណ៍មួយបានកើតឡើងដោយសារតែមានមនុស្សធ្លាក់ចេញ ពីយន្តហោះ ។
បើតាមការអះអាងពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើ បាននិយាយថានៅមុនពេលកើតហេតុគេបានឃើញយន្តហោះមួយគ្រឿងលេខ F១៦ ដែលជាយន្តហោះ របស់កងទ័ពអាកាស បានធ្វើការហោះហើរឆ្លងកាត់តំបន់នេះ ភ្លាមៗនោះដែរក៏ស្រាប់តែ មានអាកាសយានិកម្នាក់ដែលនៅក្នុងយន្តហោះ បានបើុងខ្ទាតចេញមកខាងក្រៅយន្តហោះហើយក៏បានធ្លាក់មកដី បើទោះបីជាអាកាសយានិករូបនោះខំប្រឹងបើកឆ័ត្រដើម្បីការពារខ្លួនយ៉ាងណាក៏ដោយក៏សឹងតែហួសពេលដែរ ព្រោះគេបានធ្លាក់មកជិតដល់ដីទៅហើយដែលធ្វើអោយឆ័ត្រយោងបានទាក់នឹងមែកឈើចំណែកមនុស្សក៏បានធ្លាក់បោកទៅលើដី និងរងរបួសយ៉ាងធ្ងន់ធ្ងរ។ នៅពេលនោះដែរ ទាំងកំលាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ និងប្រជាពលរដ្ឋ បាននាំគ្នាដឹកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងប្រញ៉ាប់ប្រញ៉ាល់ដើម្បីសង្គ្រោះ ព្រោះ សភាពអ្នករបួស កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរដែលចាំបាច់ត្រូវសង្គ្រោះបន្ទាន់ នៅទីបំផុត ទើបគេស្គាល់ថា ជនរងគ្រោះមានឈ្មោះ សុខូថៃ សុំសិរីសៃ ភេទប្រុស អាយុ៣៦ឆ្នាំជាកងទ័ពអាកាសលេខ២៣ និងជាអាកាសយានិកនៃយន្តហោះ F១៦ ក្នុងខេត្តអ៊ុដនថានីប្រទេសថៃ ហើយបច្ចុប្បន្នគេនៅមិនទាន់ដឹងថា តើមូលហេតុអ្វីដែលធ្វើអោយអាកាស យានិករូបនេះត្រូវខ្ទាតចេញពីយន្តហោះនោះឡើយ ដែលនៅពេលនេះដែរ ជនរងគ្រោះបានរួចផុតពីសេចក្តីស្លាប់ហើយ ដោយសារការយកចិត្តទុកដាក់លើការព្យាបាលរបស់ក្រុមគ្រូពេទ្យ ៕