រាជធានីភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវេលាម៉ោង៩ និង០០ នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដឹកនាំដោយសម្តេចហេង សំរិនប្រធានរដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ ដើម្បីពិនិត្យមើលសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ។
កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភាដោយមានការចូលរួមពីសមាជិកសភាមកពីគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញាឫទ្ធិលោក ហូរ វ៉ាន់ និង លោកស្រី កែ សុវណ្ណារ័ត្ន។
សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ ដែលរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៦០រូប បានចូលមកដល់រដ្ឋសភា កាលពី ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៧។
ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពី មានការ លើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពី គណបក្សនយោបាយក្នុងនោះច្បាប់ថ្មីនេះនឹងមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាច ឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យធ្វើសកម្មភាពនយោបាយ ថែមទៀត៕