ប៉ៃលិន ៖ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ នៃសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន លោក រ៉ិត គង់ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់លោក បុកជាមួយរថយន្តដឹកម៉ៃឃូ ក្នុងភូមិរថក្រោះឆេះ ខេត្តប៉ៃលិន នៅម៉ោង២៣ និង ២៥នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ប្រភពព័ត៌មានអោយដឹងថា លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកព្រំដែនព្រំប៉ៃលិន បានធ្វើដំណើរចេញពីកន្លែងធ្វើការ ត្រឡប់ទៅផ្ទះ នៅខេត្តបាត់ដំបង លុះដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តរបស់លោក រ៉ិត គង់ ក៏បុកជាមួយរថយន្តធនធំ ដឹកម៉ៃឃូ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង ។
យ៉ាងណាមិញ អ្នកបើកបររថយន្តធុនធំ បានរត់គេចខ្លួនបាត់ស្រមោល ។ បន្សល់ទុកតែរថយន្តទាំង២គ្រេឿងនៅកន្លែងកើតហេតុ នៅព្រឹកទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សមត្ថកិច្ចចុះវាស់វែងអូសយករថយន្តទាំង២គ្រេឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តរងចាំដោះស្រាយបន្តនៅពេលក្រោយ។ ដោយឡែកសព សមត្ថកិច្ចកំពុងព្យាយាមទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕