MENU
លោក គឹម សុខ អ្នកឃ្លាំមើលសង្គមកំពុងជាប់ពន្ធនាគារគ្រោងបង្អត់បាយ៧ថ្ងៃ ជំរុញដល់ពលរដ្ឋទៅបោះឆ្នោត
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:០៥ | ១,១០៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  យោងតាមលោកជួង ជូងឺមេធាវីការពារអ្នកឃ្លាំមើលនយោបាយ និងសង្គម លោក គឹម សុខ ដែលកំពុងជាប់ពន្ធនាគារ បានផ្ញើលិខិតមួយច្បាប់ថា លោកនឹងធ្វើកូដកម្មបង្អត់អាហារខ្លួនឯងរយៈពេល ៧ថ្ងៃ ដើម្បីអង្វរប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ដើម្បីផ្លាស់ប្ដូរមេឃុំកុម្មុយនីស្តភ្នែកខ្វាក់ ដាក់មេឃុំប្រជាធិបតេយ្យភ្នែកភ្លឺ។រីឯអ្នកនាំពាក្យបក្សកាន់អំណាច ថាលិខិតរបស់លោក គឹម សុខ គ្មានឥទ្ធិពលអ្វីឡើយ ហើយពលរដ្ឋក៏មិនទទួលយកសំណូមពររបស់លោកដែរ។

យោងតាមលិខិតមួយច្បាប់របស់លោក គឹម សុខ ដែលដាស់តឿនឲ្យពលរដ្ឋបោះឆ្នោតនេះ គឺត្រូវបានផ្ញើចេញពីពន្ធនាគារតាមរយៈមេធាវីរបស់លោក គឺលោក ជូង ជូងី ឲ្យជួយផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែឧសភា ហើយលិខិតមួយនេះ ក៏ត្រូវបានគេយកទៅបង្ហោះផ្សព្វផ្សាយបន្តព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក (facebook)។

មេធាវីការពារក្តីលោក គឹម សុខ គឺលោក ជូង ជូងី បញ្ជាក់ថា លិខិតមួយនេះ គឺកូនក្តីរបស់លោកបានសរសេរដោយផ្ទាល់នៅចំពោះមុខលោក ហើយពឹងឲ្យលោកជួយយកទៅផ្សព្វផ្សាយបន្ត។ ក្នុងសារលិខិតនោះ លោក គឹម សុខ ផ្ដើមសរសេររៀបរាប់ថា លោកឃ្លានបោះឆ្នោតដូរមេឃុំ ដើម្បីសុខចម្រើនស្រុកភូមិ ជាងឃ្លានបាយចំអែតក្រពះ ដើម្បីគ្រាន់តែជីវិតរស់ទៅទៀត។ លោក គឹម សុខ បន្តថា សូមក្រោកឡើងជាមួយលោក បោះឆ្នោតដូរមេឃុំកុម្មុយនីស្តភ្នែកខ្វាក់ ដាក់មេឃុំប្រជាធិបតេយ្យភ្នែកភ្លឺ។

អ្នកឃ្លាំមើលនយោបាយ និងសង្គម លោក គឹម សុខ ដែលកំពុងជាប់ពន្ធនាគារដោយសារបណ្ដឹងរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នោះក៏ប្រកាសដែរថា លោកសម្រេចចិត្តបង្អត់អាហារខ្លួនឯង ៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ដើម្បីអង្វរឲ្យជនរួមឈាមខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដែលមានឈ្មោះបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយបោះឆ្នោតផ្លាស់ប្ដូរឲ្យបាននូវមេដឹកនាំឃុំ-សង្កាត់ដែលជាមេរោគកុម្មុយនីស្តសម្លាប់សិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានកន្លងមក។

លោកមេធាវី ជូង ជូងី លើកឡើងថា លោកមានការព្រួយបារម្ភចំពោះការធ្វើកូដកម្មបង្អត់អាហារមួយសប្ដាហ៍នេះ ប៉ុន្តែលោកគោរពឆន្ទៈរបស់កូនក្តី។ ទោះយ៉ាងណា លោកនឹងព្យាយាមចូលសួរសុខទុក្ខអំឡុងពេលនេះតាមដែលអាចធ្វើទៅបាន៖ ។

លោកវេជ្ជបណ្ឌិតមួយរូបសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា ប្រសិនបើមនុស្សមានសុខភាពល្អ ហើយគាត់បង្អត់អាហារមួយសប្ដាហ៍នោះ គឺមិនមានផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ប្រសិនបើគាត់ទទួលទានទឹកធម្មតា។ ប៉ុន្តែប្រសិនបើមនុស្សដែលមានសុខភាពខ្សោយ ហើយដាច់ចិត្តបង្អត់អាហារ និងស្ថិតនៅក្នុងទីកន្លែងលំបាកគ្មានខ្យល់ចេញចូលជាដើមនោះ គឺរាងកាយរបស់គាត់អាចរងផលប៉ះពាល់ធ្ងន់ធ្ងរ។

យ៉ាងណាក្តី នៅក្នុងសារលិខិតរបស់លោក គឹម សុខ ក៏បានបញ្ជាក់ដែរថា ការបោះឆ្នោត គឺជាដំណោះស្រាយសន្តិវិធីនៃការផ្លាស់ប្ដូរមេដឹកនាំទាំងនៅមូលដ្ឋាន និងថ្នាក់ជាតិ ហើយគ្មានទេសង្គ្រាម។ លោកថា ក្រុមមេដឹកនាំបច្ចុប្បន្ន ទាំងនៅថ្នាក់មូលដ្ឋាន និងកម្រិតជាតិ បានឆ្លងពេញបន្ទុកនូវមេរោគឧក្រិដ្ឋកម្ម និងពុករលួយ ចូលជ្រាបគ្រប់សព្វដល់ខួរក្បាល ឆន្ទៈ ស្មារតី និងព្រលឹងវិញ្ញាណរបស់ពួកគាត់អស់ហើយ។ ដូច្នេះ បើចូលចិត្តអាណិតនិងស្រឡាញ់ពួកគាត់គឺត្រូវផ្លាស់ប្ដូរពួកគាត់ចេញ ដើម្បីនាំពួកគាត់ចេញទៅព្យាបាលឲ្យបានទាន់ពេលវេលា។

ឆ្លើយតបចំពោះលិខិតនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា វាកាន់តែបង្ហាញនូវចរិតជាអ្នកប្រឆាំង ព្រោះអ្នកប្រឆាំងមានចរិតមិនដែលសរសើរបក្សកាន់អំណាចទេ។ លោកនៅតែមានជំនឿថា ប្រជាពលរដ្ឋនឹងមានសុភវិនិច្ឆ័យសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសតទៅទៀត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយពលរដ្ឋនឹងមិនយកសំណូមពររបស់លោក គឹម សុខ ឡើយ ព្រោះការលើកឡើងរបស់លោក គឹម សុខ គឺក្នុងន័យសងសឹក ក្នុងន័យគំនុំ និងក្នុងន័យចងអាឃាតជាមួយគណបក្សកាន់អំណាចប៉ុណ្ណោះ៖ «»។

ក្រៅពីលោក គឹម សុខ នោះ កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ មន្ត្រីអាដហុកម្នាក់ក្នុងចំណោម ៤នាក់កំពុងជាប់ឃុំ គឺលោក នី សុខា បានផ្ញើលិខិតសរសេរផ្ទាល់ដៃរបស់លោក តាមរយៈកូនប្រុសលោក មកអាស៊ីសេរី ដោយសរសេរថា ក្នុងសង្គមមួយដែលដឹកនាំបែបផ្ដាច់ការ ពិបាកធ្វើឲ្យពួកលោកទទួលបានយុត្តិធម៌ពីតុលាការណាស់ ព្រោះយុត្តិធម៌មានសម្រាប់តែអ្នកមានអំណាច និងបក្សរបស់គេប៉ុណ្ណោះ។

លោកអំពាវនាវឲ្យពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតនៅថ្ងៃទី៤ មិថុនា ទាំងអស់គ្នា តាមឆន្ទៈ និងមិនត្រូវខ្លាចការគំរាមកំហែង។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើឲ្យពលរដ្ឋបោះឆ្នោតឲ្យអ្នកនយោបាយមិនប្រើហិង្សាដើម្បីដោះស្រាយបញ្ហា។

អ្នកវិភាគនយោបាយ លោក គឹម សុខ ត្រូវតុលាការចាប់ឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅ តាមបណ្ដឹងរបស់លោក ហ៊ុន សែន ដែលប្ដឹងរូបលោក និងទារសំណងជំងឺចិត្តជាងកន្លះលានដុល្លារអាមេរិក។ ការឃុំខ្លួននេះ ក្រោមបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម បន្ទាប់ពីលោក គឹម សុខ និយាយជាប្រយោលថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី និងថារដ្ឋាភិបាលបច្ចុប្បន្ន បណ្តោយឲ្យមានប្រព័ន្ធមួយដែលមានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។សំណេរចុងក្រោយនៃលិខិតនោះ លោក គឹម សុខ ក៏បានបង្ហាញពីការសោកស្ដាយដែរ ដោយសារតែលោកមានពេលវេលាខ្លីដើម្បីចូលរួមជាគំនិតយោបល់ជាមួយជនរួមជាតិ៕                        

Tags:
  • គឹម សុខ
  • ពន្ធនាគារ
  • សង្គម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥