MENU
|
រាជធានីភ្នំពេញ៖ យុវជនមួយក្រុមមានគ្នា៩នាក់ជិះម៉ូតូ៤គ្រឿងដើរលេងជាក្រុម ហើយត្រូវបានជនសង្ស័យមួយក្រុមមានគ្នាជិត៣០នាក់ជិះម៉ូតូជាច្រើនគ្រឿង មកវៃប្លន់យកម៉ូតូម៉ាកនិចមួយគ្រឿងបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៣០៦ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ខណៈពេលនោះជនរងគ្រោះជាម្ចាស់ម៉ូតូក៏ត្រូវរបួសស្នាមផងដែរ ។
យុវជនរងគ្រោះមានឈ្មោះសៀត ពិសី អាយុ២១ឆ្នាំ ស្នាក់នៅម្ដុំបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន និងជាម្ចាស់ម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់ ម៉ាកស៊ុយសុគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CU-2045 ។ ចំណែកបក្សពួកក្រុមជនសង្ស័យជាច្រើននាក់មិនស្គាល់អត្តសញ្ញាណនោះទេ ។
បើតាមសម្ដីយុវជនរងគ្រោះបាននិយាយប្រាប់ឲ្យដឹងថា រូបគាត់បានជិះម៉ូតូជាក្រុម ជិះម៉ូតូ៤គ្រឿងដោយមានគ្នា៩នាក់ មកពីដើរលេងនៅម្ដុំបឹងត្របែក ហើយទៅដើរលេងកន្លែងផ្សែងទៀត ដោយធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បួងទៅជើង ខណៈមកដល់ចំណុចផ្លូវកែងលេខ៣០៦ ដែលជាកន្លែងកើតហេតុ ក៏មានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៣០នាក់ជិះម៉ូតូជិត១៥គ្រឿង បានមកធ្វើសកម្មភាពដេញវៃទៅលើជនរងគ្រោះតែម្ដង ធ្វើឲ្យជនរងគ្រោះតដៃមិនកើតក៏ចុះចេញពីម៉ូតូតែម្ដងនិងមានអ្នកខ្លះជិះម៉ូតូគេចផុត ហើយឆ្លៀតឱកាសល្អក្រុមជនសង្ស័យក៏លើកម៉ូតូជនរងគ្រោះ១គ្រឿងជិះគេចខ្លួនបាត់ស្រមោលអស់តែម្ដងទៅ ។
ក្រោយកើតហេតុ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូត្រូវបានជនសង្ស័យប្លន់ និងរបួសបែកក្បាលផង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះមកដឹកយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកង១ ។
គួរបញ្ចាក់ផងដែរថា ករណីប្លន់និងឆក់បានកើតមានឡើងនៅក្នុងមូលដ្ឋានខណ្ឌចំការមនក៏ដូចនៅទូទាំងរាជធានីភ្នំពេញ កំពុងតែកើតមានឡើងយ៉ាងគគ្រិកគគ្រេងទៀតវិញហើយ អញ្ចឹងសូមឲ្យសមត្ថកិច្ចជំនាញជួយចាត់វិធានការឲ្យតឹងរឹងផងចំពោះបញ្ហានេះកុំឲ្យដេកស៊ីប្រាក់ខែរដ្ឋតែមិនធ្វើការជូនប្រជាជន៕