MENU
|
រាជធានីភ្នំពេញ៖ សំណុំរឿងនារីម្នាក់សុំថៅកែហាងលក់សាច់ឆ្កែឈប់ពីការងារ ហើយសុំបើកប្រាក់ខែមុន តែថៅកែមិនព្រម ក៏ដាច់ចិត្តលួចលុយ៣០ដុល្លារ ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាព ឡើងវិញ កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោក យ៉ិន សារឿន ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការនិងប្រកាសសាលក្រមផ្តន្ទាទោសនារីឈ្មោះ ទូច ស្រីគន្ធ អាយុ១៧ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល៦ខែ ពីបទលួច តែទោសនេះត្រូវព្យួរធម្មតា និងតម្រូវឲ្យសងសំណងទៅដើមបណ្ដឹងចំនួន១លាន៥សែនរៀល ។
ដើមចមនៃសំណុំរឿងនេះ គឺ ធ្វើឡើងបន្ទាប់ពីថៅកែហាងលក់សាច់ឆ្កែ ប្តឹងនារីម្នាក់ដាក់គុកព្រោះតែរឿងលុយ ៣០ដុល្លា រប៉ុណ្ណោះ។ ហាងលក់សាច់ឆ្កែមានយីហោ ស្រីពៅ៩៩ ទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ នារីដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ទូច ស្រីគន្ធ អាយុ១៧ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលមានម្តាយជាប្រជាពលរដ្ឋក្រីក្រ។
ម្តាយនារីរូបនេះ បាននិយាយថា កូនស្រីរបស់គាត់បានចូលបម្រើការងារក្នុងហាងស្រីពៅ៩៩ ជិតមួយឆ្នាំហើយមិនដែលមានបញ្ហាអីនោះទេ ទើបតែពេលនេះនាងក៏សម្រេចចិត្ត សុំឈប់ ពីការងារនេះ និងសុំថៅកែបើកប្រាក់ខែមុន តែថៅកែមិនព្រមបើកប្រាក់ខែឲ្យ ហើយក៏ដាច់ ចិត្តលួចលុយចំនួន ៣០ដុល្លារ គ្រាន់ ទុកសម្រាប់ ធ្វើជាសោហ៊ុយទៅស្រុកកំណើតវិញ។ ក្រោយ មកថៅកែបានដឹងថា ខ្លួនបានបាត់ប្រាក់៣០ដុល្លារ ក៏ថៅកែដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល ទួលសង្កែ លុះនៅយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍ក៏តាមចាប់ខ្លួនបាន។
បន្ទាប់ពីឃាត់ខ្លួន យុវតីរូបនេះត្រូវបានឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ហើយក្រុមគ្រួសារ បានធ្វើការទំនាក់ទំនងដោះស្រាយ តែខាងនគរបាលប៉ុស្តិ៍ តម្រូវឲ្យខាងក្រុមគ្រួសារ បង់ថវិកា ចំនួន ១០០០ដុល្លារ (មួយពាន់ដុល្លារ) ជូនទៅថៅកែហាងតាមការទាមទារ។ ដោយសារតែ ក្រុមគ្រួសាររបស់នាង ពុំមានលទ្ធភាពក្នុងការសងសំណងនេះ ខាងប៉ុស្តិ៍រដ្ឋបាលទួលសង្កែ ក៏ចាប់បញ្ជូននាងបន្តទៅអធិការខណ្ឌឫស្សីកែវ រហូតចាប់បញ្ជូនទៅតុលាការតែម្តង ៕