MENU
|
តាមលទ្ធផលស្ទងមតិនាពេលកន្លងមកថ្មីៗបានបង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិករហូតដល់ទៅ៥២ភាគរយមានបំណងចង់ឲ្យលោកអូបាម៉ាវិលត្រឡប់ចូលកាន់តំណែងប្រធានាធិបតីនៅសេតវិមានវិញ។ ជាមួយគ្នានោះពលរដ្ឋអាមេរិក៤០ភាគរយចង់ឲ្យដកតំណែងប្រធានាធិបតីពីលោកត្រាំ។
សារព័ត៌មាន independent បានផ្សព្វផ្សាយនៅលទ្ធផលស្ទងមតិរបស់បណ្តាញ Public Policy Polling ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២ខែកុម្ភៈថា មានពលរដ្ឋអាមេរិកតែ ៤៣ភាគរយប៉ុណ្ណោះបានស្រឡាញ់ចូលចិត្តលោកដូណាលត្រាំ ចំណែកជាងពាក់កណ្តាលទៀត ចងឲ្យលោកអូបាម៉ាវិលត្រឡប់មកធ្វើជាប្រធានាធិបតីអាមេរិកវិញ។
ក្រៅពីនេះពលរដ្ឋអាមេរិក៤០ភាគរយចងឲ្យដកតំណែងប្រធានាធិបតីពីលោកត្រាំ គឺកើនឡើង៥ភាគរយបើប្រៀបធៀបនឹង១សប្តាហ៍កន្លងមក។ ជាមួយគ្នានោះពលរដ្ឋអាមេរិកជាងកន្លះលាននាក់បានចុះហត្ថលេខាលើពាក្យបណ្តឹងប្តឹងលោកត្រាំ។
តាម សារព័ត៌មាន independentចំនួនពលរដ្ឋគាំទ្រលោកត្រាំធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេល២សប្តាហ៍កាន់តំណែងនៅសេតវិមាន។ ជាមួយគ្នានោះពលរដ្ឋអាមេរិក២៦ភាគរយបានគាំទ្រនឹងច្បាប់បម្រាមពលរដ្ឋ៧ប្រទេសចូលក្នុងទឹកដីអាមេរិករបស់លោកត្រាំ។
កន្លងមកការស្ទងមតិរបស់បណ្តាញព័ត៌មានCNN/ORC បានបង្ហាញឲ្យឃើញថាពលរដ្ឋអាមេរិកមានទំនុកចិត្តលើលោកត្រាំតែ៤០ភាគរយប៉ុណ្ណោះ គឺទាមជាង អតីតប្រធានាបតីអូបាម៉ា ជាច្រើន។
នៅពេលនេះដែរបាតុកម្មប្រឆាំងលោកត្រាំ កើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោកពិសេសគឺប្រទេសនៅតំបន់អឺរ៉ុប មាន អង់គ្លេស អាល្លឺម៉ងនិងហុល្លងជាដើម។ បាតុកម្មទាំងនោះគឺប្រឆាំងនឹងបម្រាមជនភៀសខ្លួនរបស់លោកត្រាំ ដែលជាការរើសអឺងប្រកាន់ជាតិសាស្ត្រសាសនា ។
ពាក់ព័ន្ធនិងករណីនោះដែរអគ្គលេខាធិការថ្មីរបស់អង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែករ៍ បាននិយាយជាសាធារណៈ ទាមទារឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំលុបចោលវិធានការ ប្រឆាំងអន្តោប្រវេសន៍ ដែលកំពុងតែរារាំងមិនឲ្យជនភៀសខ្លួន និងប្រជាជនមកប្រទេសកាន់សាសនាអ៊ីស្លាមចំនួន៧ ចូលទៅ ក្នុងទឹកដីអាមេរិក។ សម្រាប់ប្រធានអង្គការសហប្រជាជាតិ វិធានការរបស់លោកដូណាល់ ត្រាំ កំពុងរំលោភគោលការណ៍គ្រឹះរបស់មនុស្ស។
“ការទទួលបន្ទុកជនភៀសខ្លួន គឺជាកាតព្វកិច្ចរបស់យើង” នេះជាការរំលឹករបស់លោកអង់តូនីញ៉ូ ហ្គុយទែរក៍ ដែលធ្លាប់ធ្វើជាប្រធានឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន រយៈពេល ១០ឆ្នាំ មុននឹងចូលកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅដើមខែឆ្នាំនេះ។តាមក្រឹត្យប្រធានាធិបតី ដែលធ្វើឡើងក្នុងហេតុផលសន្តិសុខជាតិ រដ្ឋាភិបាលអាមេរិកបានសម្រេចផ្អាកព្យួរ ក្នុងរយៈពេល៤ខែមិនឲ្យប្រជាជនមកពីប្រទេសកាន់សាសនាអ៊ីស្លាមចំនួន ៧ អ៊ីរ៉ង់ អ៊ីរ៉ាក់ យេម៉ែន លីប៊ី សូម៉ាលី ស៊ូដង់ និងស៊ីរី ធ្វើដំណើរចូលទៅអាមេរិក។ ក្រឹត្យរបស់លោកដូណាល់ ត្រាំ បិទទ្វារផងដែរមិនទទួលជនភៀសខ្លួន ក្នុងរយៈពេល ៣ខែ ក្នុងពេលដែលជនជាតិស៊ីរី ត្រូវបានហាមឃាត់មិនឲ្យចូលអាមេរិក ដោយគ្មានកាលកំណត់
វិធានការរឹតបន្តឹងជនអន្តោប្រវេសន៍របស់អាមេរិកនឹងគ្មានប្រសិទ្ធិភាពទេ បើសិនគេបង្កើតវាឡើង ក្នុងគោលដៅ ទប់ស្កាត់ មិនឲ្យក្រុមភេរវជនធ្វើដំណើរចូលទៅក្នុងទឹកដីអាមេរិក។ នេះបើតាមការវាយតម្លៃរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានពន្យល់បន្ថែមថា ពិភពលោកកំពុងប្រឈមនឹងក្រុមភេរវនិយម ដែលស្មុគស្មាញ និងឆ្លាតវៃបំផុត។ បើសិនក្រុមភេរវជនចង់វាយប្រហារប្រទេសដូចជាអាមេរិក នោះ ពួកគេមិនប្រើលិខិតឆ្លងដែន របស់ប្រទេសដែលអាមេរិកហាមឃាត់នោះទេ។ ពួកគេប្រាកដជាប្រើលិខិតឆ្លងដែនរបស់ប្រទេសអភិវឌ្ឍ ឬទាក់ទងប្រើមនុស្សដែលស្ថិតនៅរួចហើយ ក្នុងទឹកដីអាមេរិក។
ប្រមុខដឹកនាំអង្គការសហប្រជាជាតិហ៊ានចេញមុខរិះគន់ ចំណាត់ការរបស់ប្រធានាធិបតីអាមេរិក នេះជារឿងដ៏កម្រមួយ។ ចំណែកលោកដូណាល់ ត្រាំវិញ ដែលទើបក្លាយជាប្រធានាធិបតីអាមេរិក ដែលរិះគន់ស្ថាប័នអង្គការសហប្រជាជាតិថា គ្មានប្រយោជន៍ ធ្លាប់បានប្រកាសពីចេតនាចង់កាត់បន្ថយប្រាក់ឧបត្ថម្ភរបស់អាមេរិកទៅ មូលនិធិរបស់អង្គការសហប្រជាជាតិ។
នៅក្នុង សន្និសីទកាសែត អគ្គលេខាធិការថ្មីរបស់អង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គុយទែរក៍ បានចេញមុខរិះគន់ ចំៗ វិធានការរឹតបន្តឹងជនអន្តោប្រវេសន៍របស់រដ្ឋបាលលោកដូណាល់ ត្រាំ។ សម្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ វិធានការរបស់លោកដូណាល់ ត្រាំ ដែលកំពុង ហាមឃាត់មិនឲ្យប្រជាជនមកពីប្រទេសអ៊ីស្លាមចូលក្នុងទឹកដី អាមេរិក កំពុងរំលោភមូលដ្ឋានគ្រឹះ។ ដូច្នេះ លោកបានអំពាវនាវសុំឲ្យលោកដូណាល់ ត្រាំ លុបចោល ក្រឹត្យប្រឆាំងជនអន្តោប្រវេសន៍ ឲ្យបានកាន់តែឆាប់៕