MENU
|
រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថានកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០១៧នេះ បានចេញសេចក្ដីបំភ្លឺ ផ្លូវការច្រានចោលរបាយការណ៍របស់អង្គការណាសាដែលថា ព្រៃឈើកម្ពុជាកំពុងបាត់បង់។ក្រសួងបរិស្ថានបានបញ្ជាក់ថាការយកទិន្នន័យចាស់មកផ្សាយឡើងវិញរបស់អង្គការណាហ្សាហើយត្រូវបានបន្ទរជាមួយនិងបកស្រាយខុសពីសំណាក់បណ្តាញសារព័ត៌មានមួយចំនួនដោយមិនបានរំលេចឲ្យឃើញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនិងប្រជាជនក្នុងការការពារអភិរក្សធនធានធម្មជាតិ គឺជាការបង្ហាញការញុះញង់និងបំភាន់សាធារណមតិ។
យោងតាមក្រសួងបរិស្ថាន របាយការណ៍របស់អង្គការណាសា ដែលចុះផ្សាយកាលពីថ្ងៃអង្គារ គឺជាទិន្នន័យចាស់ ដែលបានចុះផ្សាយរួចហើយតាំងពីខែកញ្ញា ឆ្នាំ២០១៥។ ហើយទិន្នន័យនេះ ក៏មិនមែនឆ្លុះបញ្ចាំងពីអត្រាបាត់បង់គម្របព្រៃឈើមធ្យមប្រចាំឆ្នាំ ដូចការចុះផ្សាយរបស់សារព័ត៌មានដែរ។
ក្រសួងបរិស្ថានលើកឡើងថាទិន្នន័យ ១៤,៤ភាគរយ ដែលសរសេរនៅក្នុងអត្ថបទរបស់អង្គការណាសាឃ្លាំមើលភពផែនដី គឺជាអត្រាមធ្យមប្រចាំឆ្នាំនៃការបាត់បង់គម្របព្រៃឈើ មិនមែនជាអត្រាបាត់បង់គម្របព្រៃឈើមធ្យមប្រចាំឆ្នាំទេ។
នៅក្នុងសេចក្ដីបំភ្លឺចុះថ្ងៃទី១៣មករាឆ្នាំ២០១៧ក្រសួងបរិស្ថានពន្យល់ថា ទិន្នន័យ១៤,៤ភាគរយនេះ មែនទែនទៅ គឺជាទិន្នន័យចាស់របស់សាកលវិទ្យាល័យ Maryland និង Global Forest Watch សិក្សាពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤ ដែលត្រូវបានផ្សព្វផ្សាយម្ដងហើយ កាលពីខែកញ្ញាឆ្នាំ២០១៥។ ការលើកយកទិន្នន័យចាស់មកចុះផ្សាយម្ដងទៀតដោយអង្គការណាសានាពេលនេះ ត្រូវបានក្រសួងបរិស្ថានចាត់ទុកថា បានធ្វើឲ្យសាធារណៈមតិភាន់ច្រឡំ និងបង្កឲ្យមានការរិះគន់វាយប្រហារលើរដ្ឋាភិបាល។
សេចក្ដីបំភ្លឺរបស់ក្រសួងដដែលលើកឡើងថា ការបាត់បង់គម្របព្រៃឈើនៅកម្ពុជា មែនទែនទៅ ថយចុះចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤។ ដែលនេះគឺជាលទ្ធផលនៃការអនុវត្តកម្មវិធីកំណែទម្រង់និងវិធានាការនានារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ ពិសេសការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ។ នេះបើតាមក្រសួងបរិស្ថាន។
របាយការណ៍របស់អង្គការណាហ្សាឃ្លាំមើលភពផែនដី កាលពីថ្ងៃទី១០មករាឆ្នាំ២០១៧កន្លងទៅ បានចេញផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា “ព្រៃឈើកម្ពុជាកំពុងរលាយបាត់បង់”។ បើតាមអង្គការណាហ្សា ការផ្លាស់ប្ដូរទេសភាពព្រៃឈើកម្ពុជា ពីសម្បូរបែបទៅកាន់រលាយបាត់បង់រូបរាង ត្រូវបានលាតត្រដាងតាមរយៈការប្រៀបធៀបរូបផ្កាយរណប Landsat នៃព្រៃឈើជិតព្រំដែនខេត្តកំពង់ធំ និងកំពង់ចាម ពីថ្ងៃទី៣១ធ្នូឆ្នាំ២០០០ និងថ្ងៃទី៣០តុលាឆ្នាំ២០១៥។ រូបភាពនេះបង្ហាញថា ព្រៃឈើត្រូវបានជំនួសដោយក្រឡាចត្រង្គ ដូចជាផ្លូវថ្នល់និងចម្ការកៅស៊ូទ្រង់ទ្រាយធំ។
យោងតាមសេចក្តីរាយការណ៍បានលើកឡើងថាអ្នកស្រាវជ្រាវបានយកទិន្នន័យនេះទៅប្រៀបធៀបនឹងទិន្នន័យសេដ្ឋកិច្ចផ្សេងទៀត ហើយរកឃើញថា ការផ្លាស់ប្ដូរតម្លៃកៅស៊ូជាសកល និងកិច្ចព្រមព្រៀងដីសម្បទានសេដ្ឋកិច្ច បានដើរតួនាទីសំខាន់ក្នុងការបង្កើនអត្រាកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ អ្នកស្រាវជ្រាវរកឃើញបន្ថែមទៀតថា អត្រាបាត់បង់ព្រៃឈើក្នុងដីសម្បទាន មាននៅគ្រប់ទីកន្លែង កើនឡើងពី២៩ភាគរយ ទៅ១០៥ភាគរយ បើធៀបនឹងដីក្រៅសម្បទាន៕