MENU
|
រាជធានីភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជានៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧បានធ្វើសន្និសីទកាសែតបង្ហាញពីរបាយការណ៍ថា៨៨%ការិយាល័យបើកទាន់ពេល ,៩៦%ការិយាល័យមានបុគ្គលិក៦នាក់,៩៨%សម្ភារៈសំខាន់ៗមានវត្តមាននៅតាមការិយាល័យនិង៥៩%នៃការិយាល័យគ្មានជម្រាលផ្លូវចម្រាប់អ្នកពិការឬជនពិការ។
យោងតាមរបាយការណ៍ដែលបានផ្សាយនៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៧នេះបង្កាញថាការបោះឆ្នោតឆ្នាំ២០១៧នេះបានប្រព្រឹត្តទៅតាមនីតិវិធីនៃការបោះឆ្នោតទាំងអស់និងមិនមានការរំខានជាធំដុំទេបើទោះបីមានភាពមិនប្រក្រតីតិចតួចក៍ដោយ។
អង្គការតម្លាភាពកម្ពុជាបានលើកឡើងថាប៉ុន្តែមុនពេលឃោសនាបោះឆ្នោតការដាក់សម្ពាធខាងផ្លូវច្បាប់សង្គមស៊ីវិលនិងគណបក្សនយោបាយនិងវោហាសាស្រ្តដែលរំលេចការគម្រាមកំហែងអាចធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតទោះតិចឬច្រើន។
អង្គការតម្លាភាពកម្ពុជាបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថាចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣រហូតដល់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះគេបានកត់សម្គាល់ឃើញមានការកើនឡើងនូវបរិយាកាសតានតឹងក្រោមសម្ពាធផ្លូវច្បាប់មកលើសង្គមស៊ីវិលនិងគណបក្សនយោបាយ។សម្ពាធទាំងនេះជះឥទ្ធិពលអវិជ្ជាមានមកលើសកម្មភាពរបស់សង្គមស៊ីវិលនិងគណបក្សប្រឆាំងនានានៅកម្ពុជា។
របាយការណ៍បានអះអាងនៅក្នុងឆ្នាំ២០១៥ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបានចូលជាធរមានដែលគេតម្រូវឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងអន្តរជាតិទាំងអស់មានការចុះបញ្ជីជាការចាំបាច់។ច្បាប់នេះក៍បានផ្តល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់អាជ្ញាធរក្នុងការអនុញ្ញាតឲ្យអង្គការណាមួយមានឈ្មោះនៅក្នុងបញ្ជី។
នៅឆ្នាំ២០១៧ច្បាប់ស្តីពីគណបក្សនយោបាយឆ្នាំ១៩៩៧ត្រូវបានធ្វើវិសោធនកម្មបានដល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់រដ្ឋអំណាចក្នុងការព្យួរនិងរំលាយគណបក្សនយោបាយណាមួយដែលមជ្ឈដ្ឋាននានាយល់ថាផ្ទុយពីស្មារតីរបស់រដ្ឋធម្មនុញ្ញនិងច្បាប់នានារបស់ព្រះរាជាណាចក្រកម្ពុជា។
វិសោធនកម្មទាំងនោះក៍មានអានុភាព ក៍បានរារាំងបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋឬបទមជ្ឈឹមដោយគ្មានការព្យួរទោសមិនឲ្យក្លាយជាថ្នាក់ដឹកនាំគណបក្សនយោបាយ។វិសោធនកម្មនេះត្រូវបានអនុម័តបន្ទាប់ពីការកាត់ទោសមេដឹកនាំគណបក្សប្រឆាំង។
ដោយឡែកដំណើរការបោះឆ្នោត៩៩%នៃការិយាល័យបោះឆ្នោតមិនមានករណីអំពើហិង្សាលើរូបរាងកាយ ការបំភិតបំភ័យ កាដាក់សម្ពាធឬអំពើគម្រាមកំហែងទេ។នៅថ្ងៃទី៤មិថុនាអង្គការតម្លាភាពកម្ពុជាបានដាក់បានពង្រាយអ្នកសង្កេតការណ៍១០៥១នាក់ដែលបានការបណ្តុះបណ្តាលនិងមិនប្រកាន់និន្នាការនយោបាយ។
យោងតាមគជបបានអះអាងថា មានពលរដ្ឋជាង៧,៨លានបានចុះឈ្មោះឆ្នាំ២០១៦សម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ហើយអ្នកទៅបោះឆ្នោតមានចំនួនជាង៦,៧លាននាក់មានន័យថាពលរដ្ឋប្រមាណជាង១លាននាក់មិនបានចេញទៅបោះឆ្នោត៕