រាជធានីភ្នំពេញ៖ អនុរក្សពន្ធនាគារនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះបាននិយាយថាលោក ធាម ចន្ទ័ពិសិដ្ឋ ចៅ ក្រមសើុបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យអនុរក្សពន្ធនាគារនាំខ្លួនជនត្រូវចោទឈ្មោះ ១.ណៃ វ៉ងដា ២.នី សុខា ជាបុគ្គលិកអង្គការអាដហុក ៣.យី សុខសាន្ត ៤. នី ចរិយានិងលោកស្រី លឹម មុនី ដើម្បីមកបន្តផ្តិតមេដៃបន្តការឃុំខ្លួន។
សូមបញ្ជាក់ថា ជនត្រូវចោទលោក នី សុខា លោក យី សុខសាន្ត លោកស្រី លឹម មុនី និងលោក ណៃ វ៉ង់ដា នី ចរិយា ត្រូវជាប់ចោទពីបទ សូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។
ជនជាប់ចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ពេលដែលចូលទៅបំផ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយក្រោមបទចោទថា សូកប៉ាន់សាក្សីនិងសមគំនិត។បន្ទាប់ពីឃុំខ្លួនជនជាប់ចោទបានប្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ននិងប្តឹងសុំមោឃភាពនីតិវិធីនៃការឃុំខ្លួនតែត្រូវបានតុលាការទាំងបីកម្រិតបដិសេធនិងបន្តឃុំខ្លួនមិនទាន់កំណត់ពេលជំនុំជម្រះនៅឡើយ៕