MENU
|
នៅពេលដែលទំនាក់ទំនងរវាងអាមេរិកនិងគុយបាប្រឈមមុខតានតឹងដាក់គ្នាដោយអាមេរិកដាក់ទណ្ឌកម្មទៅលើប្រទេសគុយបាន ពេលនោះអាមេរិកបានអនុញ្ញាត្តិឲ្យអ្នកនយោបាយគុយបាសុំសិទ្ធជ្រកកោន នៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែពេលនេះផ្ទុយគ្នាទាំងស្រុង ដោយអាមេរិកនិងគុយបានមានទំនាក់ទំនងល្អ ហើយអាមេរិកក៏បានលុបចោលទណ្ឌកម្មទៅលើគុយបាន ដែលបានអនុម័តជាង៥០ឆ្នាំកន្លងមក។ ហេតុដូច្នេះហើយ ពលរដ្ឋ គុយបា ដែលរត់ភៀសខ្លួនមកសហរដ្ឋអាមេរិក មិនអាចទទួលបានសិទ្ធិជ្រកកោននយោបាយជាស្វ័យប្រវត្តិដូចពេលមុនទៀត ឡើយ។ រដ្ឋបាលអាមេរិកនិងគុយបា ទើបបានរកឃើញកិច្ចព្រមព្រៀងលើសំណុំរឿងអន្តោប្រវេសន៍ខុសច្បាប់។ នៅមួយសប្តាហ៍មុនផុតអាណត្តិ លោក អូបាម៉ា បានប្រកាសលុបចោលសិទ្ធិពិសេសសម្រាប់អន្តោប្រវេសន៍មកពីគុយបា។ ប៉ុន្តែវិធានការចុងក្រោយនេះ អាចនឹងបង្កបង្កើតឱ្យមានប្រតិកម្មពីសំណាក់តំណាងរាស្ត្រដែលប្រឆាំង នឹងការភ្ជាប់ទំនាក់ទំនងជាធម្មតាឡើងវិញជាមួយគុយបា។
ប្រជាពលរដ្ឋគុយបា បានទទួលសិទ្ធិពិសេស ពីសហរដ្ឋអាមេរិក រាប់ទសវត្សរ៍មកហើយ។ ពោលគឺចាប់ពី នៅឆ្នាំ១៩៦៦ ក្នុងពេលកំពុងមានសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិកបានបង្កើតច្បាប់អន្តោប្រវេសន៍មួយ ចូលជាធរមាន អនុគ្រោះ និងសម្រួលដល់ប្រជាពលរដ្ឋគុយបាភៀសខ្លួនឱ្យបានស្នាក់នៅក្នុង សហរដ្ឋអាមេរិក និងមានលទ្ធភាពបានទទួលសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ ក្នុងរង្វង់ពេលតែមួយឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីឆ្នាំ១៩៩៥មក អាមេរិកបានអនុវត្តគោលការណ៍មួយ “ជើងសើម ជើងស្ងួត” ដោយ ចាប់បញ្ជូនអន្តោប្រវេសន៍ខុសច្បាប់ ចាប់បានក្នុងដែនទឹក ឱ្យគុយបាជាស្វ័យប្រវត្តិ និងទទួលយក ព្រមទាំងផ្តល់សិទ្ធិពិសេស ឱ្យជ្រកកោននយោបាយ តែពលរដ្ឋគុយបាណា ដែលបានឆ្លងចូលជាន់ដីអាមេរិកតែប៉ុណ្ណោះ។