![]() |
MENU
|

ក្រុមភេរវកម្មIS បានអំពាវនាវឲ្យបើកការវាយប្រហារទៅលើទីតាំងស្ថានទូតរុស្ស៊ីនិងមន្ត្រីទូតរុស្ស៊ីនៅជុំវិញពិភពលោកដើម្បីគម្រាមកំហែងលោកពូទីន។ ការវាយប្រហារនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមានក្រុមភេរវកម្ម លាក់ខ្លួន។
ក្រុមIS បានអំពាវនាវដល់ខ្មាន់កាំភ្លើងរបស់ខ្លួនវាយប្រហារទៅលើរុស្ស៊ី ដូចដែលការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួគីកាលពីថ្ងៃទី១៩ធ្នូជាដើម។ ការវាយប្រហារទាំងនោះគឺជាការសងសឹងទៅលើរុស្ស៊ីដែលបានចូលរួមនៅក្នុងសង្គ្រាមវាយប្រហារក្រុមIS នៅក្នុងប្រទេសស៊ីរី។
ពាក់ព័ន្ធនិងការគម្រាមកំហែងនោះដែរ ប្រធានាធិបតីពូទីន បានស្នើរឲ្យពង្រឹងសន្តិសុខការពារបណ្តាស្ថានទូតរុស្ស៊ីជុំវិញពិភពលោក។ លោកពូទីនបញ្ចាក់ថា«ខ្ញុំស្នើរដល់កម្លាំងពិសេសមានវិធានការការពារមន្ត្រីស្ថានទូត ទាំងនៅក្នុងប្រទេសនិងនៅជុំវិញពិភពលោក តាមរយៈសហការជាមួយកម្លំាងសន្តិសុខនៅក្នុងប្រទេសដែលមានទំនាក់ទំនងការទូត។
នៅពេលនេះរុស្ស៊ីប្រឈមនិងការវាយប្រហារកាន់តែខ្លាំងឡើង ដោយសារតែ រុស្ស៊ីបានចូលរួមនៅក្នុងសង្គ្រាមវាយប្រហារក្រុមIS នៅក្នុងប្រទេសស៊ីរី ក្នុងនោះដណ្តើមបានទីក្រុងអាឡែប៉ូមកគ្រប់គ្រងវិញ។
បន្ទាប់ពីឃាតកម្មនោះឯង លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទាំងយប់តែម្តង បានរួមប្រជុំនៅវិមានក្រេមឡាំង រដ្ឋមន្ត្រីក្រសួងការបរទេស នាយកចារកិច្ចក្រៅប្រទេស និង នាយកស្ថាប័នសន្តិសុខជាតិរុស្ស៊ី ដោយជាបឋម គាត់សំដែងការរួមមរណទុក្ខយ៉ាងជ្រាលជ្រៅ ទៅកាន់គ្រួសារលោកទូតនោះ ដែលគាត់ចាត់ទុកជាអ្នកការទូតដ៏ត្រចះត្រចង់ ហើយហៅ ឃាតកម្មនោះ ថាជាទង្វើ “គម្រក់” និងជាអំពើបង្កហេតុ ដែលចម្លើយអាចមានតែមួយគត់ គឺ ត្រូវបង្កើនកាន់តែខ្លាំងក្លា ការប្រយុទ្ធទល់នឹងភេរវកម្ម។
ថ្លែងក្នងកិច្ចប្រជុំនោះ លោកប្រមុខរដ្ឋរុស្ស៊ី ពូទីន លើកឡើងជាអាទិ៍៖ -“ខ្ញុំសូមក្រសួងការបរទេស រៀបចំនីតិវិធីសម្រាប់បំពាក់ជូនលោកអគ្គរដ្ឋទូតរុស្ស៊ី Andrei Karlov នៅតួកគី ដែលត្រូវបានភេរវជនបាញ់សម្លាប់នៅក្រុងអង់ការ៉ា គឺគ្រឿងឥស្សរិយយស បច្ឆា មរណៈ និង សកម្មភាពដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធគាត់ជាចីរកាលតែម្តង”។ លោក Karlov ជាអ្នកការទូតដ៏ត្រចះត្រចង់ មានឈ្មោះល្បីក្នុងប្រទេស ដែលគាត់បានប្រចាំការបំពេញបេសកកម្មការទូត។ គាត់ជាបញ្ញាវន្តកម្រិតខ្ពស់ មានចរិតទន់ភ្លន់ និងស្លូតបូត។
ឃាតកម្មដែលប្រព្រឹត្ត នោះ គឺជាអំពើបង្កហេតុឥតប្រកែកបាន សំដៅបង្ខូចធម្មនិយាមកម្ម ទំនាក់ទំនងរុស្ស៊ី-តួកគី ផ្តាច់កុំឲ្យកើតមានទៅរួច អភិក្រមសន្តិភាពនៅស៊ីរីដែលកំពុងទទួលការជួយជ្រោមជ្រែងយ៉ាងសកម្មពី សំណាក់ រុស្ស៊ី តួកគី អ៊ីរ៉ង់ និងប្រទេសឯទៀត ដែលនាំគ្នា យកចិត្តទុកដាក់ ដោះស្រាយជម្លោះនៅស៊ីរី។ ចម្លើយតែមួយគត់ដែលអាចមាន តបនឹងអំពើ បង្កហេតុនេះ គឺ បង្កើនការប្រយុទ្ធទល់នឹងភេរវកម្ម ហើយពួកចោរព្រៃវានឹងស្គាល់ក្លិនចម្លើយនេះឯង។


