![]() |
MENU
|

ខេត្តបាត់ដំបង៖ នៅវេលាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ដឹកនាំដោយលោកឧត្តមសេនីយ៍ឯកឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍បានបើកប្រតិបត្តិការចុះត្រួតពិនិត្រមើលការរស់នៅ និងចូលមកធ្វើការដោយខុសច្បាប់ពីសំណាក់ពលករបរទេស នៅចំណុចតាមបណ្តាសិប្បកម្មកៃច្នៃឈើតូចធំជាច្រើនកន្លែង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រតិបត្តិការខាងលើនេះដែរ ក៏បានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមទាំងកម្លាំងនគរបាល អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ ។
យ៉ាងណាមិញ គិតមកត្រឹមវេលាម៉ោង ១១ និង០០នាទីព្រឹកថ្ងៃខែដដែលនេះ កម្លាំងនគរបាលបានរកឃើញ ពលករខុសច្បាប់ប្រុសស្រីចំនួន ២៩នាក់ហើយ ។ ដោយពេលនេះ ប្រតិបត្តិការពុំទាន់ត្រូវបានបញ្ចប់ឡើយ ពោលនឹងបន្តត្រួតពិនិត្រទៅកាន់ទីតាំងជាច្រើនទៀតនៅក្នុងក្រុងមួយនេះ ។
លោកឧត្តមសេនីយ៍ឯកឃុន សំបូរ អោយដឹងថា ចំពោះពលករណាដែលសមត្ថកិច្ចយើងរកឃើញថា គ្មានលិខិតឯកសារអនុញ្ញាត្តិអោយចូលមករស់នៅ និងធ្វើការដោយស្របច្បាប់នោះ ពួកគេនឹងត្រូវឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រងចាំកសាងសំណុំបែបបទ ស្នើរទៅកាន់ក្រសួងមហាផ្ទៃ សុំធ្វើការបញ្ចូនចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញនៅពេលក្រោយ ៕


