រាជធានីភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី២៨នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃសហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចភូមិទួលរកា ម្តុំមាត់ទន្លេ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាវេលាព្រឹកថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់ ។
ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនិង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានត្រួតពិនិត្យលើជនជាតិវៀតណាម ២៨នាក់ ហើយរកឃើញថាពួកគេពុំមានលិខិតឆ្លងដែន និងច្បាប់អនុញ្ញាតិការងារត្រឹមត្រូវឡើយ ដូច្នេះពួកគេត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ។
លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបញ្ជាក់អោយដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅនិងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែនឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជាទៅកាន់ប្រទេសដើមខ្លួនវិញនៅពេលខាងមុខ ៕