![]() |
MENU
|
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក បាននាំខ្លួនម្ចាស់គ្រឿងសំអាងខុសច្បាប់ពីថ្ងៃទី២២ ម្សិលមិញ នៅខណ្ឌចំការមនដដែល មកឆែកឆេរឃ្លាំងមួយកន្លែងទៀត ដែលគ្មានច្បាប់អនុញ្ញាតនៅផ្ទះលេខ២៦Eoផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ងិន ពេជ និងលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមប្រតិបត្តិការពិសេសក្រសួងមហាផ្ទៃ និងកំលាំងនគរបាលចម្រុះជាច្រើន ។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ហុឹម ទូច ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤A តាមផ្លូវលេខ៣៥៨ ស្ថិតនៅក្រុម៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រូបគេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២២ ឧសភា នៅចំណុចផ្ទះស្នាក់នៅ ក្រោយរកឃើញថា មានស្តុកទុកនៅទំនិញជាគ្រឿងសម្អាងដែលនាំចូលមកគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ។ លុះមកទល់វេលាព្រឹកថ្ងៃទី២៣ នេះ សមត្ថកិច្ចបានបន្តនាំខ្លួនរូបគេ មកឆែកឆេរទីតាំងផ្ទះល្វែងខាងលើ ដែលជាកន្លែងស្តុកគ្រឿងសម្អាងខុសច្បាប់ជាច្រើនទៀត ដែលនាំចូលគ្មានច្បាប់អនុញ្ញាតិ និងសង្ស័យថា ជាផលិតផលក្លែងផងដែរ ។
ឧត្តមសេនីយ៍ត្រីទូច យុទ្ធា បានប្រាប់អោយដឹងថា ប្រតិបត្តិការបង្ក្រាបផលិតផលនាំចូលខុសច្បាប់ និងសង្ស័យជាផលិតក្លែងក្លាយរយះពេល២ថ្ងៃមកនេះ គឺ សមត្ថកិច្ចធ្វើឡើងដោយមានការស្រាវជ្រាវយ៉ាងល្អិតល្អិន ក្នុងរយះពេលយូរ រហូតកំណត់ពីទីតាំងស្តុកទុក និងចែកចាយ ទើបកម្លាំងចម្រុះបើការចុះឆែកឆេរ និងធ្វើការបង្ក្រាបតែម្តងទៅ ។
ជុំវិញប្រតិបត្តិការ២ថ្ងៃនេះដែរ លោកហួត សេងថុង អនុប្រធាននាយកដ្ឋានឱសថ នៃក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា ទំនិញជាគ្រឿងសម្អាងជាច្រើន មានដូចជាថ្នាំលាបសក់ ឡេលាបខ្លួនអោយ.ស ឡេខាត់ស្បែក សាប៊ូដុសខ្លួនអោយក្រអូប និងគ្រឿងសម្អាងជាច្រើនទៀត គឺ ម្ចាស់ទំនិញមិនបានយកទំនិញទាំងនេះ ទៅចុះបញ្ជីរនៅ មន្ទីរ ឬក្រសួងសុខាភិបាលតាមច្បាប់ត្រឹមត្រូវឡើយ ពោលគឺ គ្មានច្បាប់អនុញ្ញាតិ ។
លោកបានបន្ថែមថា ផលិតផលទាំងនេះ មិនមានប្រភពច្បាស់លាស់ឡើយថាយកមកពីណា ហើយជាជំហានដំបូងមន្ត្រីជំនាញសន្និដ្ឋានថា ទំនិញជាច្រើនដែលរកឃើញនៅពេលនេះ គឺអាចជាគ្រឿងសម្អាងក្លែងក្លាយ ដែលហនិភ័យ របស់វាគឺអាចបង្កអោយប៉ះពាល់ធ្ងន់ដល់មនុស្សក្រោយប្រើវា ដូចជា អាឡាក់ស៊ីស្បែក កើតមហារីកស្បែក ជ្រុះសក់ និងបង្កជាជម្ងឺផ្សេងៗតាមរយះស្បែកចូលទៅក្នុងខ្លួន ព្រោះវាជាសារជាតិលាយផ្សំឡើងពីជាតិគីមី ។ប៉ុន្តែយ៉ាងណាមិញ នេះគ្រាន់ជាការសង្ស័យជាជំហានដំបូងប៉ុណ្ណោះ អ្វីដែលជាការពិតត្រូវរងចាំក្រោយការលទ្ធផលពិនិត្យចេញពីមន្ទីរពិសោធន៍ ឬហៅថា ឡាប៉ូ ។
លោកឧត្តមសេនីយ៍ត្រីទូច យុទ្ធាបានបញ្ជាក់ថា ចំពោះម្ចាស់ទីតាំងនឹងត្រូវឃាត់ខ្លួនបណ្តោះអាសន្នបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការនៅពេលខាងមុខ ៕