MENU
|
រាជធានីភ្នំពេញ៖ ជនជាតិចិននិងវៀតណាមប្រុសស្រី៩៣នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នាវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់ ។
ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានត្រួតពិនិត្យលើជនជាតិវៀតណាម និងចិនជាច្រើននាក់ប៉ុន្តែជាលទ្ធផលរកឃើញមានតែ៩៣នាក់ដែលខុសច្បាប់ ក្នុងនោះមានចិនដីគោក៥១នាក់ ស្រីម្នាក់ និងវៀតណាម៤២នាក់ ស្រី៦នាក់ ដែលពួកគេគ្មានលិខិតឆ្លងដែន និងច្បាប់អនុញ្ញាតិការងារត្រឹមត្រូវ ដូច្នេះពួកគេត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ។
លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបញ្ជាក់អោយដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញ នៅពេលខាងមុខ ៕