រាជធានីភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី២៧នាក់ ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានភ្លាមៗ បន្ទាប់ពីរកឃើញថា ពុំមានឯកសារគ្រប់គ្រាន់ក្នុងការចូលមករស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ។
ការឃាត់ខ្លួនធ្វើឡើង ក្នុងប្រតិបត្តិការបន្តចុះត្រួតពិនិត្យការរស់នៅខុសច្បាប់របស់ជនជាតិបរទេស របស់សមត្ថកិច្ចអន្តោប្រវេសន៍ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា នៅវេលាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការឯកភាពសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ។ ជាលទ្ធិផលចំពោះមុខសមត្ថកិច្ចបានរកឃើញមានជនជាតិវៀតណាមខុសច្បាប់ចំនួន២៧នាក់ ដែលពួកគេគ្មានលិខិតឯកសារពាក់ព័ន្ធអ្វីទាំងអស់ ។
ឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍អោយដឹងថា ចំពោះជនបរទេសណាដែលចូលមករស់នៅនិងធ្វើការដោយខុសច្បាប់ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែនឬឯកសារពាក់ព័ន្ធផ្សេងនោះពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជាទៅកាន់ប្រទេសដើមខ្លួនវិញនៅពេលខាងមុខ ៕