រាជធានីភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី២៩នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅចំណុចផ្ទះលក់កាហ្វេជាច្រើនតាមបណ្តោយផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នាវេលាព្រឹកថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការចូលមកធ្វើការ និងរស់នៅដោយខុសច្បាប់ ។
ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានត្រួតពិនិត្យលើជនជាតិវៀតណាមជាច្រើន ប៉ុន្តែរកឃើញមាន ២៩នាក់ ដែលពួកគេគ្មានលិខិតឆ្លងដែន និងច្បាប់អនុញ្ញាតិការងារត្រឹមត្រូវ ដូច្នេះពួកគេត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ។
លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានបញ្ជាក់អោយដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញ នៅពេលខាងមុខ ៕